ដោយៈ ជា សីហៈ/ភ្នំពេញៈ អដ្ឋិ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ត្រូវបានដង្ហែរយាងចាកចេញពីព្រះដំណាក់រាជធានីភ្នំពេញ មកគង់ប្រថាប់នាព្រះវិហារ ក្នុងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ។
នេះបើតាមសេចក្តីរាយការណ៍នៅលើបណ្តាញសង្គម មួយដែលស្និតនឹងព្រះបរមរាជវាំង ។
ប្រភពដដែលបានបន្តថា អដ្ឋិធាតុរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវដង្កល់នៅទីនោះ រហូតដល់ឆ្នាំ២០២១ ទើបប្រារព្ធព្រះពិធីយាងព្រះអដ្ឋិ ស្តេចគង់ប្រថាប់ក្នុងព្រះចេតិយដែលបានកសាង ក្នុងបរិវេណអារាមនេះស្របតាមព្រះបំណង។
ព្រះពិធីនេះមានការយាង និងអញ្ចើញចូលរួមដោយ ព្រះបុត្រា-បុត្រី នៃសម្តេចរាជបុត្រីព្រះរៀម ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំកំពូលក្រសួងព្រះបរមរាជវាំង លោកគ្រូ អ្នកគ្រូសាស្ត្រចារ្យ នាដការីនៃរបាំព្រះរាជទ្រព្យ ព្រមទាំងពុទ្ធបរិស័ទ្ធយ៉ាងច្រើនផងដែរ។
ទីអារាមវត្តមហានន្ទិយនេរញ្ចរារាម និវេទ គឺជាវត្តមួយ នៅ តាម ដងផ្លូវជាតិលេខ៥ ហួស ពីស្ពានព្រែកក្តាមទៅ នៅ ត្រង់ ម្តុំផ្លូវកោង ជាប់នឹង បរិវេណ សាលា ស្រុក ពញាឮ ខេត្តកណ្តាល។
ទីអារ៉ាមនេះ ត្រូវបានគេដឹងថា ស្ថិត នៅ ក្រោម ព្រះរាជកិច្ច ដឹកនាំ គ្រប់ គ្រង ដោយ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់៕