ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅក្នុងពិធីបើកពិព័រណ៍អាស៊ាន-ចិនលើកទី១៧ ក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់និងផ្លូវនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ដែលប្រារព្ធធ្វើនៅតំបន់ស្វយ័តក្វាងស៊ីនៃទីក្រុងណាននីងប្រទេសចិននាព្រឹកថ្ងៃ២៧ ខែវិច្ឆិកា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមប្រព័ន្ធវីដេអូ Conference ថាការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កជាវិបត្តិធ្ងន់ធ្ងរដែលពុំធ្លាប់មានពីមុនមកលើសេដ្ឋកិច្ចនិងសង្គម ។ វិបត្តិនេះបានបង្ហាញកាន់តែច្បាស់នូវភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសុន្ទរកថាជាសម្លេងប្រមាណ៥ នាទីថា៖« វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់នូវភាពចាំបាច់ កាន់តែខ្លាំងក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ,ដោយម្ខាងដើម្បីអាចឱ្យជីវិតសង្គមយើងមានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី(New Normal)និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខនិងម្ខាងទៀតដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយ ភាពធន់និងចីរភាព»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖វិបត្តិក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ។ បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនរបស់យើងទៅបរិការណ៍ថ្មីនៃការរស់នៅនិងអនុវត្តការងារដោយបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ក្នុងតំបន់និងសកល, ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច,ពាណិជ្ជកម្មនិងវិនិយោគ។ល។ ប្រាកដណាស់ថាការពន្លឿនការអភិវឌ្ឍការតភ្ជាប់ឌីជីថលតំបន់ និង ការប្រែក្លាយ សង្គម-សេដ្ឋកិច្ចឱ្យទៅជាសង្គម-សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនិងភាពធន់នាពេលអនាគត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖ប្រទេសចិនជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍ, វិនិយោគនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក ។ក្នុង ន័យនេះការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេល អនាគត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដើម្បីសម្របទៅនឹងការវិវត្តន៍ជាប្រក្រតីភាពថី្មការធ្វើឌីជីថលូបនីយកម្មលើ ផលិត កម្ម ឧស្សាហកម្ម សេវាកម្ម និង រដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួចដើម្បីកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគឲ្យបានកាន់តែប្រសើរ ៕