ដោយៈ សរិទ្ធ / បន្ទាយមានជ័យៈ ដូនជីវ័យ ៨២ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់កុដិ៍ នៃវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថាៈ សពឈ្មោះ សៅ សែត អាយុ៨២ឆ្នាំ ជាដូនជី នៅសំណាក់ធម៌ ក្នុងវត្តបរមនិវេសន៍ ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថាៈ នៅមុនពេលទទួលបានព័ត៌មាន គឺមានព្រះសង្ឃ ១ អង្គ ព្រះនាម គឹម សុខមគ្គ ព្រះជន្ម ២៨ វស្សា បានទៅបត់ជើងតូច ក្នុងបង្គន់ក្បែរកុដិ បន្ទប់លោកយាយរងគ្រោះ។ ក្នុងនោះ ព្រះអង្គ បានឮសំឡេងវិទ្យុ នៅបើក តែមិនឃើញលោកយាយរងគ្រោះ។ ដោយកើតការសង្ស័យ ព្រះសង្ឃ ១ អង្គនេះ ក៏បានហៅព្រះសង្ឃ ចំនួន ២ អង្គផ្សេងទៀត ឲ្យទៅហៅយាយសែត។ ពេលទៅដល់ ទើបដឹងថា យាយសែត បានស្លាប់ ដោយសារគេវាយសម្លាប់ នៅក្នុងកុដិ ដោយមិនដឹងកើតឡើង តាំងពីពេលណានោះទេ រួចក៏ផ្តល់ព័ត៌មាន មកសមត្ថកិច្ចតែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះហើយ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបុរី បានចុះទៅដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជាអំពើឃាតកម្ម ដោយសារជនរងគ្រោះ ត្រូវឃាតករ វាយផ្ទៃមុខខ្ទេច ។ ករណីនេះ សមត្ថកិច្ចនគរបាល កំពុងស្រាវជ្រាវ វែករកមុខឃាតករ ដើម្បីយកមកផ្ដន្ទាទោស តាមច្បាប់៕/V