ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយទឹកជំនន់ទឺកភ្លៀង ចំនួន ៣.០០០ គ្រួសារ នៅឃុំនានា នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពូជស្រូវ ពូជបន្លែ អង្ករ និងម្ហូបអាហារ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីមួយ នាឃុំភ្នំលៀប ក្រោមអធិបតីភាព លោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ប្រជាពលរដ្ឋ ចំនួន ៣.០០០ គ្រួសារនេះ មកពី ៦ ឃុំ ក្នុងចំណោម ៩ ឃុំ ក្នុងស្រុកព្រះនេត្រព្រះ ដែលបានរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង រយៈពេលកន្លងមក ។ លោកបានបន្តថាៈ អំណោយរបស់លោកស្រី ញ៉ែម សាខន ស ខេង លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ដែលត្រូវចែក រួមមាន គ្រាប់ពូជបន្លែ ចំនួន ៦ មុខ និងអង្ករ គ្រឿងឧបភោគ-បរិភោគ មួយចំនួន។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ និងកីឡាករក្លិបវិសាខា ក៏បានប្រគល់ថវិកា ចំនួន ១០០ លានរៀល ដែលជារង្វាន់ បានមកពីការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ទិញជាគ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ បន្តចែកជូនប្រជាពលរដ្ឋឯទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្ត បានមានប្រសាន៍ថាៈ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរមកពីព្រំដែនថៃ បណ្តាលអោយភូមិ ឃុំ សង្កាត់ នៃស្រុក ក្រុងមួយចំនួន ត្រូវជនលិច ហើយវាបានបង្កប៉ះពាល់ ដល់ការរស់នៅ អាយុជីវិតមនុស្ស សត្វ ខូចខាត និងប៉ះពាល់ដល់ដំណាំស្រូវ ដំណាំបន្លែរួមផ្សំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន។ ដោយឡែក សម្រាប់ការស្តារដំណាំស្រូវឡើងវិញ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ស្រូវពូជ ដល់កសិករ ចំនួន ១១.០០០ គ្រួសារ (១០០ គ.ក្រពូជស្រូវ / ១ គ្រួសារ ) ៕/V