ប្រែសម្រួលៈវាសនា/ប៊ែរឡាំង៖ អាឡឺម៉ង់ បានឈានដល់ព្រឹត្តិការណ៍គួរអោយកត់សំគាល់មួយទៀតកាលពីថ្ងៃសុក្រ ដោយអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសអឺរ៉ុបមួយនេះបានឡើងហួស១លាននាក់។
វិទ្យាសា្ថន The Robert Koch Instituteដែលជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ប្រទេស បាននិយាយថា រដ្ឋទាំង១៦របស់អាឡឺម៉ង់ បានរាយការណ៍ការឆ្លងថ្មីចំនួន២២.៨០៦ករណីនៅ២៤ម៉ោងកន្លងទៅដែលនាំអោយចំនួនឆ្លងសរុបឡើងដល់ ១.០០៦.៣៩៤នាក់។
ទោះជាការឆ្លងមានចំនួនខ្ពស់ ក៏អាឡឺម៉ង់មានអ្នកស្លាប់ដោយជំងឺនេះទាបជាងប្រទេសដទៃនៅអឺរ៉ុប ដោយប្រទេសមានអ្នកជំងឺកូវីដ១៩ស្លាប់តែ ១៥.៥៨៦នាក់ ។
ប្រទេសនេះស្ថិតក្រោមការបិទខ្ទប់ប្រទេសអស់ពេលជិត១ខែមកហើយដោយចាប់ផ្តើមនៅថ្ងៃ០២វិច្ឆិកា ក្រោយមានការព្រមានអំពីកំណើនការឆ្លងថ្មី ។មេដឹកនាំអាឡឺម៉ង់លោកស្រី អង់ហ្គេឡា មឺគែល និងបណ្តាអភិបាលរដ្ឋនៅសប្តាហ៍នេះបានសំរេចពន្យារពេលបិទប្រទេសរហូតដល់ខែធ្នូ និងបន្ថែមការរឹតត្បិតថែមទៀតដើម្បីទាញចំនួនឆ្លងអោយមកនៅក្រោម៥០នាក់ក្នុងចំណោមប្រជាជន១សែននាក់ក្នុងមួយសប្តាហ៍។
បច្ចុប្បន្ន ប្រទេសនេះមានអ្នកឆ្លង១៣៨នាក់ក្នុងចំណោមប្រជាជន១សែននាក់ក្នុង១សប្តាហ៍ នេះបើតាមវិទ្យាសា្ថន The Robert Koch Institute៕
បុរសពាក់ម៉ាស់ដើរឆ្លងផ្លូវនៅក្រុង ហ្វ្រែងហ្វើត ប្រទេសអាឡឺម៉ង់កាលពីថ្ងៃ២៦វិច្ឆិកា
អធិកាបតីអាឡឺម៉ង់ អង់ហ្គេឡា មឺគែល ចាកចេញពីសភានៅក្រុងប៊ែរឡាំងកាលពីថ្ងៃ២៦វិច្ឆិកាក្រោយចូលរួមប្រជុំអំពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធទល់នឹងការឆ្លងរាលដាលជំងឺកូវីដ១៩