ដោយៈ សរិទ្ធ / ភ្នំពេញៈ យុវជនម្នាក់ ត្រូវរថយន្តដឹកដី បុករួច កិនស្លាប់ នៅនឹងកន្លែងកើតហេតុ កាលពីម៉ោង ២និង១០នាទី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២៧១ មុខស្ថានីយ៍បូមទឹក បឹងត្របែក ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាល មិនទាន់ដឹងពីអត្តសញ្ញាណ សពជនរងគ្រោះ នៅឡើយទេ។ ជនរងគ្រោះ មានវ័យប្រហែល ២៥ ឆ្នាំ សប្បុរស បើកបរម៉ូតូម៉ាក យ៉ាម៉ាហា ខ្យូប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GU៦៥ ៩៩។
សាក្សីបាននិយាយថាៈ ជនរងគ្រោះ បានបើកម៉ូតូ តាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីបឹងទំពុន ឆ្ពោះទៅក្បាលថ្នល់។ លុះដល់ចំណុចកើតហេតុ មានរថយន្តដឹកដី បើកទន្ទឹមគ្នា ស្របនឹងម៉ូតូ ដែលបើកបរចន្លោះកណ្តាល បង្កឲ្យកៀរ រួចកិនជនរងគ្រោះ បែកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែករថយន្ត បង្កបានបើកគេច ទៅក្បាលថ្នល់ បាត់ស្រមោល៕/V