Home ព័ត៌មានជាតិ អប់រំ យុវជន និង​គ្រ...

យុវជន និង​គ្រូបង្រៀន នៃ​មន្ទីរអប់រំ រាជធានី​ភ្នំពេញ ស្វែងយល់​អំពី ការគ្រប់គ្រង​បេតិកភណ្ឌ ក្នុង​រមណីយដ្ឋាន​អង្គរ​

​ដោយៈ បាយ័ន / សៀមរាបៈ នា​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ង៉ែត សុខ​ចាន់ ប្រធាន​ការិយាល័យ​យុវជន នៃ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា​-​យុវជន​កម្ពុជា លោកគ្រូ អ្នកគ្រូ ចំនួន ១៥០ នាក់ មក​ស្តាប់​បទ​បង្ហាញ ដើម្បី​ស្វែងយល់ អំពី​ការគ្រប់គ្រង បេតិកភណ្ឌ ក្នុង​រមណីយដ្ឋាន​អង្គរ និង​អំពី​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព នៅ​រមណីយដ្ឋាន​អង្គរ ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា​។ នេះ​បើតាម​ប្រភពព័ត៌មាន អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង នៅ​រសៀល​ថ្ងៃនេះ​។​

​លោក ង៉ែត សុខ​ចាន់ បានឱ្យដឹងថាៈ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ចាប់ពី​ថ្ងៃទី​២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ នៃ​ខេត្តសៀមរាប ក្នុង​បំណង​លើកកម្ពស់ ការយល់ដឹង​បំ​ណិ​ន​ជីវិត បណ្តុះ​ស្មារតី សាមគ្គីភាព និង​គោរព​ស្រឡាញ់ ចំពោះ​បេតិកភណ្ឌ ពិសេស​គឺ​ការទទួលបាន នូវ​ចំណេះដឹង​ថ្មីៗ តាមរយៈ​បទ​បង្ហាញ ការងារ​ពី​អ្នកជំនាញ អាជ្ញាធរ​ជាតិ​អប្សរា ទាក់ទង​នឹង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍ នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​

យុវជន និង​គ្រូបង្រៀន នៃ​មន្ទីរអប់រំ រាជធានី​ភ្នំពេញ ស្វែងយល់​អំពី ការគ្រប់គ្រង​បេតិកភណ្ឌ ក្នុង​រមណីយដ្ឋាន​អង្គរ​

​ក្នុងឱកាស​ទទួល​ស្វាគមន៍ គណៈប្រតិភូ​យុវជន​ទាំង ១៥០ នាក់​នេះ លោក គឹម សុ​ធិ​ន អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើ​បទ​បង្ហាញ អំពី​កិច្ចការ​អភិរក្ស​ប្រាសាទ ក្នុង​និង​ក្រៅ​ឧទ្យាន​អង្គរ បញ្ហា​ប្រឈម កិច្ចសហប្រតិបត្តិការ ជាតិ​-​អន្តរជាតិ​។​

​លោក សុខ សង្វារ អគ្គនាយករង ក៏បាន​ធ្វើ​បទ​បង្ហាញ អំពី​ការគ្រប់គ្រង​ទេសចរណ៍ ក្នុង​តំបន់​អង្គរ និង​លោក ម៉ុក គ​ន្ធី ប្រធានការិយាល័យ នៃ​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារ បានបង្ហាញ អំពី​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដល់​យុវជន ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មី​។​

​ក្រៅពី​ការ​ស្តាប់​បទ​បង្ហាញ ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា គណៈប្រតិភូ​ក្រុមប្រឹក្សា​កុមារ កម្ពុជា​-​យុវជន​កម្ពុជា លោកគ្រូ អ្នកគ្រូ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ក៏​បន្ត​ទទួលបាន​ចំណេះដឹង បន្ថែមទៀត នៅតាម​ការដ្ឋាន​ផ្ទាល់ ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ទៀតផង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular