ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ នឹងបន្តសន្ទុះកិច្ចពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។
រដ្ឋមន្រី្តអាស៊ាន និងសហភាពអឹរ៉ុប នឹងពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបតិ្តការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនឹងផ្លាស់ប្តូរយោបល់ផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់ និងផលប្រយោជន៍រួម។
កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ រំពឹងថានឹងនាំមកនូវកិច្ចសហប្រតិបតិ្តការកាន់តែរឹងមាំរវាងតំបន់ទាំងពីរ ពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការប្តេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាភាពរឹងមាំដើម្បីទប់ទល់នឹងផលវិបាកពីវិបតិ្តនាពេលអនាគត៕