ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ការអនុវត្តជំនាញបាញ់ស៊ីបគ្រាប់ពិតដោយកាំភ្លើងយន្តធុនស្រាល( PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់ស៊ីបរបស់តំបន់ប្រតិបត្តិការសឹករងតាកែវ ស្ថិតនៅចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងលោកអ៊ួច ភា អភិបាល ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានធ្វើការវាយតម្លៃក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតទទួលបានលទ្ធផលល្អប្រសើរ និង គិតគូររៀបចំទីតាំងទីលានបាញ់ស៊ីបនេះ អោយបានល្អពីមួយកម្រិតទៅមួយកម្រិតទៀត។
ចំណែកលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ រាយការណ៍ស្តីពីការ បណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ ប្រតិបត្តិការសឹករងតាកែវ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា តាម ផែនការហ្វឹកហ្វឹកហ្វឺនរយៈពេល៩១ថ្ងៃ មានសិក្ខាកាមសរុប ៨០នាក់ ។
នាឱកាសនោះដែរ លោក អ៊ួច ភា បានមានមតិសំណេះសំណាល និង កោតសរសើរ ទៅដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការហ្វឹកហ្វឺន រៀន សូត្រ និង សំណូមពរឲ្យពួកគេខិតខំ ប្រឹងប្រែងតស៊ូ ហ្វឹកហ្វឺន រៀនសូត្រ គោរពវិន័យ និង ច្បាប់ រដ្ឋធម្មនុញ្ញ ៕