ប្រែសម្រួលៈវាសនា/តៃប៉ិះ,តៃវ៉ាន់៖ពួកសមាជិកសភាមកពីគណបក្សគួមីនតាង (KMT) ដែលជាបក្សប្រឆាំងធំរបស់កោះតៃវ៉ាន់ បានជះពោះវៀនជ្រូកនិងផ្លាស់ប្តូរកណ្តាប់ដៃជាមួយសមាជិកសភាមកពីគណបក្សដទៃទៀតនៅក្នុងសភាកាលពីថ្ងៃសុក្រ នៅពេលពួកគេព្យាយាមបញ្ឈប់កុំអោយនាយករដ្ឋមន្ត្រីទទួលឆ្លើយសំណួរ ក្នុងជម្លោះដ៏ជូរចត់អំពីការនាំចូលសាច់ជ្រូកអាម៉េរិក។
ប្រធានាធិបតី សាយ អ៊ិនវេន បានប្រកាសកាលពីខែសីហាថា រដ្ឋាភិបាលនឹង ចាប់ពីថ្ងៃ០១មករាទៅនឹងអនុញ្ញាតអោយនាំចូលសាច់ជ្រូកអាម៉េរិកដែលមានប្រើថ្នាំ ractopamineសំរាប់អោយជ្រូកមានខ្លាច់តិច ព្រមទាំងសាច់គោអាម៉េរិកអាយុជាង៣០ខែចូលកោះនេះ។
សារធាតុractopamineត្រូវចិននិងសហភាពអឺរ៉ុបហាមប្រើ និងសាច់មានសារធាតុដូច្នេះត្រូវបានហាមនាំចូល។
ចំណាត់ការនេះត្រូវបានស្វាគមន៍នៅក្រុងវ៉ាស៊ីនតោន ដែលវានឹងយកចេញឧបសគ្គមួយចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកជាមួយកោះតៃវ៉ាន់។តែគណបក្ស KMTបានប្រឆាំងជំទាស់វាដោយសារការបារម្ភអំពីសុវត្ថិភាពអាហារ ។
ចាប់តាំងពីសម័យប្រជុំសភាចុងក្រោយបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា គណបក្សKMTបានប្រឆាំងនឹងការសំរេចចិត្តអំពីសាច់ជ្រូកនេះ ដោយរារាំងមិនអោយនាយករដ្ឋមន្ត្រីឡើងរាយការណ៍និងទទួលឆ្លើយសំណួរ ដោយពួកគេបាននាំគ្នាចូលកាន់កាប់វេទិកាសភា កន្លែងដែលនាយករដ្ឋមន្ត្រីត្រូវឡើងនិយាយ។
ធុញទ្រាន់នឹងការរំខាន គណបក្សកាន់អំណាចតំរូវអោយនាយករដ្ឋមន្ត្រីឡើងថ្លែងក្នុងសភានៅថ្ងៃសុក្រ ដោយដាក់របាំងការពារជុំវិញលោកពេលលោកធ្វើដំណើរទៅកាន់វេទិកា នៅពេលពួកKMTផ្លុំកញ្ចែ លើកបដានិងចុចស៊ីផ្លេ។
នៅពេលនាយករដ្ឋមន្ត្រី ស៊ូ សេងចាងចាប់ផ្តើមនិយាយ ពួកKMTបានជះពោះវៀនជ្រូកទាំងធុងៗ និងខ្លះដាល់គ្នា ក្នុងការប្រឈមមុខវីរវក់គួរអោយចាប់អារម្មណ៍រវាងក្រុមសភានៃបក្សកាន់អំណាចនិងក្រុមប្រឆាំង។
លោកស៊ូបានដកថយ តែបានវិលមកវិញដើម្បីទទួលសំណួរ តែសម្តីរបស់លោកត្រូវបានលុបលើដោយសម្លេងស្រែករបស់ពួកសមាជិកសភាKMT។
គណបក្សកាន់អំណាចក្រោយមកបានថ្កោលទោសការប្រឆាំងតវ៉ានេះ និងបានអំពាវនាវអោយសភាវិលមកជជែកពិភាក្សាគ្នាឡើងវិញ៕
ពោះវៀននិងគ្រឿងក្នុងជ្រូកត្រូវបានជះក្នុងសភាតៃវ៉ាន់ ក្រោយសមាជិកសភាដាល់គ្នាពេញសភាកាលពីថ្ងៃ២៧វិច្ឆិកា