Home ព័ត៌មានជាតិ សង្គម អាកាសធាតុ​ត្រ...

អាកាសធាតុ​ត្រជាក់ ចាប់ផ្តើម​មកដល់ ជាមួយនឹង​ភ្លៀង ធ្លាក់​តិចតួច នៅ​ខាងកើត​ទន្លេមេគង្គ​

 

​ដោយៈ ប​.​ខុន / ភ្នំពេញៈ អាកាសធាតុ​ត្រជាក់ ចាប់ផ្តើម​ចុះ​ពី​យប់​នេះ (២៧​វិច្ឆិកា​) ទៅហើយ នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ក្នុង​ខេត្ត​រតនគីរី មណ្ឌលគិរី និង​តំបន់ភ្នំ​នៃ​ស្រុក​វាល វែង​ខេត្តពោធិសាត់ ។ នេះ​បើតាម​ការបញ្ជាក់ របស់លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ក្រសួង ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ខ្យល់មូសុង​ឦសាន ចាប់ផ្តើម​រុញ​ចុះមក ជាមួយគ្នានេះ ក៏មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​តិចតួច នៅ​ប៉ែក​ខាងកើត​ទន្លេមេគង្គ ចាប់តាំងពី​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា រហូត​ទៅដល់​សមុទ្រ ដោយ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង (​កើត​) នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា តែ​មិនមែនជា​ភ្លៀង រដូវវស្សា​ទៀត​ទេ ។ មូសុង​ឦសាន រួមជាមួយ​នឹង​ភ្លៀង រុញ​មកពី​សមុទ្រ​ចិន ដោយ​ភ្លៀង​ធ្លាក់​ច្រើន នៅលើ ប្រទេស​វៀតណាម ធ្វើឱ្យ​អាកាសធាតុ ចុះ​ត្រជាក់ នៅពេល​រដូវរំហើយ មកដល់​ដំបូង ក្នុង​រង្វង់​កម្រិត ២០ អង្សា​សេ នៅពេល​យប់ និង​ពេលព្រឹក តែ​ពេល​ថ្ងៃ សីតុណ្ហភាព​កើនឡើង​វិញ រហូតដល់​ដើមខែ​មករា ឆ្នាំ​២០២១ ទើប​អាកាសធាតុ​ត្រជាក់ កើតមាន​ទាំងយប់ និង​ថ្ងៃ ដូច​ការជូនដំណឹង របស់​ក្រសួង​ធនធានទឹក កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជូនដំណឹង​ថា តាមរយៈ​ការតាមដាន និង ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាស ធាតុ បង្ហាញ​ឲ្យ​ឃើញថា ឥទ្ធិពល​នៃ​បាតុភូត ឡា​នី​ណា (La Nina) បានធ្វើ​ឲ្យ​ជ្រលង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន រុញ​ចុះមក​ក្រោម​ខ្លាំង និង​គ្របដណ្តប់ មកលើ​កម្ពុជា​។

​តាម​ការ​ព្យាករ លក្ខណៈ​បែប​ខាងលើនេះ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រដូវរំហើយ ខាងមុខ (​ខែធ្នូ ឆ្នាំ​២០២០ – ខែមករា ឆ្នាំ​២០២១ ) ស្ថានភាព​ធាតុ​អា កាស នឹង​ចុះ​ត្រជាក់ ជាង​បណ្តា​ឆ្នាំ កន្លងទៅ​។​

១- ធាតុអាកាស នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់ លើក​ទី​១ ដោយ​ចាប់ពី​សប្តាហ៍​ទី​១ ខែធ្នូ ដល់​សប្តាហ៍​ទី​៣ ខែធ្នូ ឆ្នាំ​២០២០​។ នៅក្នុង​អំឡុង​ពេលនោះ មាន​ថ្ងៃ មួយចំនួន ធាតុអាកាស អាច​នឹង​ចុះ​ត្រជាក់ ពី​មធ្យម ទៅ​បង្គួរ ក្នុងនោះ​មានដូចជា នៅ​បណ្តា​ខេត្ត នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅ ក្នុង​រង្វង់​ពី ១៨ អង្សា​សេ ទៅ ២១ អង្សា​សេ​។ -​បណ្តា​រាជធានី ខេត្ត​ដទៃទៀត​សីតុណ្ហភាព​អប្បបរមា ក្នុង​រង្វង់​ពី​១៩​អង្សា សេ​ទៅ ២២​អង្សា​សេ​។​

២-​ធាតុអាកាស នឹង​ចុះ​ត្រជាក់​លើក​ទី​២ ដោយ​ចាប់ពី​សប្តាហ៍​ទី​៤ ខែធ្នូ ឆ្នាំ ២០២០ ដល់​បំណាច់​ខែមករា ឆ្នាំ​២០២១​។ ក្នុងអំឡុង​ពេលនោះ ធាតុអាកាស នឹង​ចុះ​ត្រជាក់​ខ្លាំង និង​ត្រជាក់​យូរ​ច្រើន​ថ្ងៃ ក្នុងនោះ រួមមាន -​បណ្តា​ខេត្ត នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ ជាប់​តំបន់ភ្នំ និង តំបន់​ខ្ពង់រាប ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា អាច​នឹង​ធ្លាក់ចុះ មក​នៅក្នុង​រង្វង់​ពី ១៦ អង្សា​សេ ទៅ ១៩ អង្សា​សេ​។ – បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នៅក្នុង​រង្វង់​ពី ១៨ អង្សា​សេ ទៅ ២១ អង្សា​សេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ មានការ​ប្រែប្រួល​ថ្មី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular