ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើកំណាយស្រាវជ្រាវ នៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ដែលមានទីតាំងនៅខាងជើង ខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ បានប្រទះឃើញឡដុត កុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។ នេះបើតាមប្រភពព័ត៌មាន ពីអាជ្ញាធរជាតិអប្សរា ហើយបានត្រូវផ្សព្វផ្សាយ ដោយទំព័រហ្វេសប៊ុក របស់ស្ថាប័នមួយនេះ នាថ្ងៃទី២៧ វិច្ឆិកានេះ។
តាមរយៈប្រភពនេះ លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌល ស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយ បានឱ្យដឹងថាៈ ការជ្រើសរើសទីតាំង ធ្វើកំណាយ នៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថា ទួលនេះ ជាកន្លែងផលិតភាជន៍ សម័យបុរាណមែន ឬអត់ ព្រោះកន្លងមក មានអ្នកស្រាវជ្រាវ មួយចំនួន ប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើន រាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំង នៅផ្នែកខាងលិច ក្លោងទ្វារដីឆ្នាំង នៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីតាំងនេះ ជាឡដុតភាជន៍ សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍ និងបំណែកដីដុត ដែលបន្សល់ទុក នៅលើទួលធំវែង រហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួន យល់ស្របគ្នាថា ទីតាំងនេះ មានភាគរយខ្ពស់ អាចជាឡដុតភាជន៍ សម័យបុរាណ។
គម្រោងនេះ នឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈ ការធ្វើកំណាយ យើងក៏បានឃើញជញ្ជាំងឡ និងភាជន៍ ភាគច្រើន ជារបស់ប្រើ ប្រចាំថ្ងៃ មាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍ សិក្សាស្រាវជ្រាវ នៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌ ទួលទាំងអស់ គូសផែនទី ដាក់ទីនេះ ជាតំបន់ការពារ សម្រាប់ឱ្យភ្ញៀវទេសចរ មកទស្សនា និងការសិក្សារបស់ អ្នកស្រាវជ្រាវផង។
លោក វិទូ ភិរម្យ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារ បានយកចិត្តទុកដាក់ខ្លាំង ទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានីភ័យ ដល់សំណង់បុរាណ និងវត្ថុបុរាណ ដែលប្រទះឃើញ នៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡា ដើម្បីងាយស្រួល ប្រមូលទិន្នន័យ ថតរូបរចនាសម្ពន្ធ នៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រង រចនាសម្ពន្ធឡបានល្អ។ លក្ខណៈរចនាសម្ព័ន្ធឡ ដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ ព្រោះរូបរាង រចនាសម្ព័ន្ធឡនេះ ខុសពីឡភាគច្រើន នៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋាន កំណាយលើទីតាំង មនុស្សរស់នៅដែរ តែយើងមិនដឹងថា វាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗ សម្រាប់ការស្រាវជ្រាវ រកប្រភពនៃឡ និងភាជន៍ ដែលបានប្រើប្រាស់ នាសម័យមុន ថាមានប្រភពមកពីឡមួយ ណាច្បាស់លាស់។
លោក ឆាយ រចនា ប្រធានការិយាល័យ អង្គរភាពកុលាលភាជន៍អង្គរ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ ក៏បានបញ្ជាក់ដែរថាៈ ខណៈនេះយើង មិនទាន់ដឹងរូបរាងឡ ពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹម ៣ ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេស នៃរចនាសម្ពន្ធឡដីឆ្នាំងនេះ ពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។ ចំណែកភាជន៍នៅទីនេះ ក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើន គឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។
តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះ ប្រហែលកើតឡើង នៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះ មិនសូវឃើញប្រើប្រាស់ នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅ ឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន៕/V