ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមអ្នកអភិរក្ស អង្គការជីវិតសត្វស្លាបអន្តរជាតិ បានរកឃើញសម្បុកសត្វកុក ពាក់អំបោះ ចំនួន ៤ សម្បុក នៅដែនជម្រក សត្វព្រៃលំផាត់ ដែលនេះជាសញ្ញាដ៏ល្អ ទាមទារឱ្យបង្កើនកិច្ចអភិរក្ស ប្រភេទសត្វកម្រនេះ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យពួកវា នៅតែមានវត្តមាន ក្នុងប្រទេសកម្ពុជា។
លោក ប៊ូ វរសក្ស នាយកកម្មវិធី អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា បានឱ្យដឹងថាៈ ការរកឃើញសម្បុកពងកូនសត្វកុក ពាក់អំបោះនេះ ជាភស្តុតាងយ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់ មិនត្រឹមតែ សម្រាប់សត្វត្រយ៉ងយក្ស ដែលតំណាង ឱ្យបក្សីជាតិ ប៉ុណ្ណោះទេ តែវាក៏មានសក្តានុពល សម្រាប់សត្វស្លាប ជាច្រើនប្រភេទ ទៀតផង ។
លោកបានបន្តថាៈ ក្នុងរដូវកាល ពងកូនឆ្នាំនេះ ក្រុមអ្នកអភិរក្ស បានរកឃើញសម្បុក សត្វកុក ពាក់អំបោះ ចំនួន ៤ សម្បុក បើប្រៀបធ្រៀប ទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។ សម្បុកសត្វកុក ពាក់អំបោះនេះ មានការថយចុះ ដោយសារកត្តាបាត់បង់ទីជម្រក ដូចជាការទន្ទ្រានយកដី ការបំពុល និងការរំខាន ដោយសកម្មភាពមនុស្សជាដើម។
លោកបានអះអាងថាៈ ” អាជ្ញាធរមូលដ្ឋាន បានចាប់ដៃគ្នា ក្នុងការអភិរក្ស គឺក្រុមឧទ្យានុរក្ស ទាំងខេត្តរតនគិរី និងមណ្ឌលគិរី ព្រោះលំផាត់ ស្ថិតក្នុងខេត្តហ្នឹង យើងស្វះស្វែងទប់ស្កាត់ ការបាត់បង់ទីជម្រក កុំឱ្យមានការទន្ទ្រានយកដីថ្មី ហើយប្រសិនបើឃើញសម្បុក ពងកូន នៅទីតាំងណា ឧទ្យានុរក្ស គាត់ត្រួតពិនិត្យ នៅទីតាំងនោះ ជាប់ជាប្រចាំ ដើម្បីបន្ថយការរំខាន ដោយការបំពានរបស់ មនុស្ស ហើយក្រុមអង្គការ BirdLife តាមដានមួយអាទិត្យម្តង ទៅលើទីតាំងសម្បុក ហ្នឹង មួយទៀត សហគមន៍គាត់ជួយអប់រំ ផ្សព្វផ្សាយបន្ត យើងបានប្រឹងធ្វើការរួមគ្នាដើម្បីការពារសត្វក៏ដូចជាទីជម្រករបស់វាផងដែរ “។
លោកបានបន្ថែមថាៈ ” ការងារការពារ និងអភិរក្សធនធានធម្មជាតិនេះ វាមិនមែនជាបន្ទុករបស់ ក្រសួងបរិស្ថាន តែម្នាក់នោះទេ គឺវាទាមទារឱ្យមាន ការចូលរួមសហការ រវាងអ្នកពាក់ព័ន្ធទាំងអស់ ទើបការអនុវត្តការងារនេះ មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ” ។
សូមបញ្ជាក់ថា សត្វកុក ពាក់អំបោះ ជាប្រភេទបក្សី កំពុងរងគ្រោះ ជិតផុតពូជ មានសម្បុរខ្មៅ ហើយ ក. ពណ៌ស ដែលចូលចិត្តរស់នៅ ក្នុងព្រៃជ្រៅស្ងាត់ នៃខេត្តមណ្ឌលគិរី និងរតនគិរី ដែលមិនមានការរំខាន ពីសកម្មភាពមនុស្ស។ ក្រុមអ្នកអភិរក្ស មិនទាន់ដឹងពីចំនួនសត្វនេះ នៅឡើយទេ ដោយគ្រោងចុះស្រង់ស្ថិតិ នៅពេលឆាប់ៗនេះ ដើម្បីដឹងពីវត្តមាន នៃការរស់នៅរបស់វា ងាយស្រួលការពារ កុំឱ្យផុតពូជពីកម្ពុជា៕/V