ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សិក្ខាសាលា ស្តីពី “សន្តិសុខបណ្តាញ អ៊ិនធើណេត និងព័ត៌មាន” តាមអនឡាញនេះ គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណង ចែករំលែកវិធីសាស្ត្រ ក្នុងការទប់ស្កាត់ បទល្មើសបច្ចេកវិទ្យា ការយល់ដឹងនានា ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មាន ជាដើម ដើម្បីឆ្លើយតប ទៅនឹងកង្វះខាត នៃការយល់ដឹង អំពីហានិភ័យនានា នៃការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជា កង្វះខាតនៃយន្តការច្បាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រង បច្ចេកវិទ្យានេះ។
ការប្រើប្រាស់បច្ចេកវិទ្យា នៅកម្ពុជា មានការកើនឡើង ស្របពេលដែលការយល់ដឹង អំពីហានិភ័យ យន្តការច្បាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យា នៅមានកម្រិតនៅឡើយ ហើយមានបទល្មើស បច្ចេកវិទ្យាជាច្រើន ដែលជនខិលខូច និងឧក្រិដ្ឋជនបានបង្កឡើង ដែលបណ្ដាលឲ្យមាន ផលប៉ះពាល់ ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅ របស់ប្រជាពលរដ្ឋ។
ហេតុដូចនេះ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំ និងសម្របសម្រួល សិក្ខាសាលាអនឡាញ ស្តីពី “សន្តិសុខបណ្តាញអ៊ិនធើណេត និងព័ត៌មាន” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី សិក្ខាកាមសរុបជាង ២៥០ រូប មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះ ទាំង ១១ របស់ក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធ ចំនួនប្រមាណ ២៥០ រូប។
ក្នុងឱកាសបើកសិក្ខាសាលានេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថាៈ ការចូលរួមក្នុងសិក្ខាសាលា តាមប្រព័ន្ធអនឡាញនេះ ផ្ដល់អត្ថប្រយោជន៍ច្រើន និងជាក្របខណ្ឌថ្មីមួយ ក្នុងការបម្រើការងារប្រចាំថ្ងៃ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកបានបន្តថាៈ ចំនួននៃអ្នកប្រើប្រាស់ បណ្ដាញអ៊ីនធើណែត មានការកើនឡើង ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការវិវត្តថ្មី ទាំងក្នុងការបំពេញការងារ និងការសិក្សាផងដែរ ដោយសារការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យានេះ បង្កលក្ខណៈងាយស្រួល និងមានផលវិជ្ជមានច្រើន ក៏ប៉ុន្តែក៏ផ្ដល់នូវចំណុចអវិជ្ជមាន និងហានិភ័យ ដល់អ្នកប្រើប្រាស់ ផងដែរ។ ហេតុដូចនេះ ការរៀបចំសិក្ខាសាលានេះ គឺដើម្បីបណ្ដុះបណ្ដាល អ្នកប្រើប្រាស់ឲ្យជៀសវាង នូវកំហុសនានា ក្នុងការប្រើប្រាស់។
លោកបានលើកឡើងថាៈ កន្លងមក ធ្លាប់មានករណីបទល្មើស បច្ចេកវិទ្យាមួយចំនួន បានកើតឡើង ដល់អ្នកប្រើប្រាស់ រួមមានការបោកប្រាស់ តាមប្រព័ន្ធអ៊ិនធើណែត និងការគំរាមកំហែង ដោយប្រើប្រាស់បច្ចេកវិទ្យា ផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាពពាក់ព័ន្ធ បានចាត់វិធានការគ្រប់គ្រង ក៏ដូចជា អប់រំដល់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងបញ្ហានេះ បានយ៉ាងល្អប្រសើរ។
លោកអគ្គលេខាធិការ បានបន្ថែមថាៈ បច្ចុប្បន្ន របៀបរបបការងារ មានការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាច្រើន ហើយលទ្ធភាពនៃ ការប្រើប្រាស់បច្ចេកវិទ្យា អាចជំរុញឲ្យមានការអនុវត្តការងារ បែបរដ្ឋបាលអេឡិចត្រូនិក ក្នុងពេលឆាប់ៗខាងមុខ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជាគំរូមួយ ស្របតាមស្មារតីរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើសមាហរណកម្មរដ្ឋបាល តាមបែបបច្ចេកវិទ្យា ជាមួយប្រទេសអាស៊ានផ្សេងទៀត នាពេលអនាគត។
លោក បានគូសបញ្ជាក់ថាៈ ការប្រើប្រាស់បច្ចេកវិទ្យា អនុវត្តក្នុងកិច្ចការដ្ឋបាលនេះ បានផ្ដល់នូវភាពងាយស្រួល ក្នុងការស្វែងរកទិន្នន័យ ការគ្រប់គ្រង និងអនុវត្តកិច្ចការរដ្ឋបាល ដែលជួយឲ្យការអនុវត្ត ការងារបានរហ័ស និងប្រសើរជាងមុន។ ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែម ដើម្បីរួមគ្នាជំរុញឲ្យការប្រើប្រាស់ បច្ចេកវិទ្យាមានដំណើរការល្អ ហើយអាចទាញប្រយោជន៍ បានច្រើន សម្រាប់បំពេញភារកិច្ច ការងារប្រចាំថ្ងៃ ៕/V