ដោយ: មុនីរ័ត្ន / ភ្នំពេញ: អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ ស្រី៨នាក់ និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ដោយមានស្លាប់ចំនួន ២នាក់ ស្រីទាំងពីរនាក់ និងអ្នកសម្រាកនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន ១០នាក់ ក្នុងនោះ មានបុរស ១នាក់ មានសភាពធ្ងន់។
តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ដែរថា តាមការសាកសួរ អ្នកភូមិជីប្រ៉ង ទាំងចាស់ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលព្រឹកថ្ងៃទី២៤ ប្រហែលម៉ោង១១ថ្ងៃត្រង់ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់។
សូមបញ្ជាក់ថា ពេលព្រឹកនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ បានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុននិងក្រោយបាញ់ថ្នាំឪឡឹកគាត់។ ក្រោយពីពិសារទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហើយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។
បច្ចប្បន្នស្ថាបភាពអ្នកពុលទាំង១០នាក់ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន នៅថ្ងៃទី២៧នេះរួចហើយ តែស្ត្រីម្នាក់អាយ៥៣ឆ្នាំ ក៏បានធូរស្បើយពីការពុលនេះ ហើយតែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃើញ៕