ទឹកចិត្ត​សប្បុរស​រប​ស់​កម្ពុជា​! ធ្វើ​ល្អ បានល្អ​!

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​។ ក្រៅពី​ចូលជួប​សម្តែង​ការគួរសម លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ប្រគល់​មូលប្បទានប័ត្រ ជា​ទឹកប្រាក់​ចំនួន ២៥ ០០០ ដុល្លារ​អាម៉េរិក ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ កាលពី​ខែតុលា​កន្លងមក​។​

​ជំនួយ​របស់​ម៉ាឡេស៊ី​នេះ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាត់ទុកថា គឺជា​ការបង្ហាញ​នូវ​កាយវិការ​សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ នៅក្នុង​ឋានៈ​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា និង​ជា​កាយវិការ​ល្អប្រសើរ​រ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ម៉ាឡេស៊ី ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

​ម៉ាឡេស៊ី ផ្តល់ជំនួយ​ដល់​កម្ពុជា​នេះ គឺ​កើតឡើង​ភ្លាមៗ ក្រោយពី​កម្ពុជា បានផ្តល់​ជំនួយ​សប្បុរ​ស​ជា​ម៉ាស និង​បរិក្ខារ​ពេទ្យ ជា​បន្តបន្ទាប់​ដល់​ប្រទេស​សមាជិក​អាស៊ាន គឺ​ឡាវ និង​មី​យ៉ាន់​ម៉ា​។ នោះ​គឺ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា កម្ពុជា​ផ្តល់​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ១២​មុខ ដល់​ប្រទេស​ឡាវ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ជំនួយ​ជា​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដូចគ្នានេះ ត្រូវបាន​កម្ពុជា ផ្តល់ជូន​មី​យ៉ាន់​ម៉ា​។​

​ជាងនេះទៅទៀត កម្ពុជា ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ជា​ម៉ាស និង​បរិក្ខារ​ពេទ្យ​សម្រាប់​ទប់ទល់​នឹង​កូ​វីដ​១៩ ដល់​ប្រទេស​ទី​ម័​រលេ​ស្ត​ផងដែរ​។ ជំនួយ​ទាំងនេះ ស្មើនឹង​ពាក់កណ្តាល​នៃ​ជំនួយ​កម្ពុជា ផ្តល់​ឲ្យ​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយនឹង​ត្រូវ​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស យកទៅ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​ខាងមុខ​។​

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​

​និយាយ​ទៅ​បើតាម​ធម៌​ព្រះពុទ្ធ គឺ​អំពើ​ល្អ​របស់​កម្ពុជា ពិតជា​ហុច​ផល​ភ្លាមៗ ដោយ​មិន​រង់ចាំ​ដល់​ជាតិ​ក្រោយ​ឡើយ​។ អំពើ​ល្អ ក៏​មិន​សាបសូន្យ ពោលគឺ​យើង​ធ្វើ​ល្អ បានល្អ ហើយ​បើ​យើង​ធ្វើ​ល្អ​ដាក់​អ្នកណាម្នាក់ ទោះបីជា​អ្នកនោះ ដឹងគុណ​យើង ឬ​មិន​ដឹងគុណ​យើង ក៏​គង់​តែមាន​អ្នកផ្សេង ធ្វើអំពើ​ល្អ​ដាក់​យើង​វិញ ជាក់​ជាមិនខាន ហើយក៏​មិនចាំបាច់ រង់ចាំ​ដល់​ជាតិ​ក្រោយ​ទេ​។ នេះ​បើ​យើង​និយាយ​ពី​ទ្រឹស្តី​កម្មផល​។​

​តែបើ​មើល​ពី​ទំនាក់ទំនង​ការទូត​វិញ កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ពិសេស​នៅ​តំបន់​អាស៊ាន ដែលមាន ១០​ប្រទេស ហើយ​កម្ពុជា ក៏​ជា​សមាជិក​ដ៏​សំខាន់ ក្នុង​អាស៊ាន​ដែរ​។ ទឹកចិត្ត​ដ៏​សប្បុរស​របស់​កម្ពុជា​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​កាន់តែច្បាស់ ហើយ​ច្រើនលើក​មកហើយ ក្នុងអំឡុងពេល​កូ​វីដ​១៩ បាន​ឆ្លង​រាតត្បាត នៅ​ឆ្នាំ​២០២០​នេះ​។

​ក្នុងនោះ យើង​រាប់​ត្រួស មាន​ជាអាទិ៍ វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុងពេល​ប្រទេស​ចិន កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ កាលពី​អំឡុង​ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អាមេរិក MS Westerdam ចូល​ចត ដើម្បី​សង្គ្រោះ​អ្នកទេសចរ និង​នាវិក​សរុប​ជាង ២០០០​នាក់ រួមទាំង​ការជួយ​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ជនបរទេស រួមទាំង​ពលរដ្ឋ​កម្ពុជា ដែល​មកដល់ពេលនេះ មាន​ចំនួន​ដល់​ទៅ ៣០៧​នាក់​ហើយ​។ ក្នុងនោះ ២៩៨​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ហើយ​កម្ពុជា មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ក៏​មិនមាន​ការឆ្លង​ក្នុង​សហគមន៍​រវាង​ប្រជាជន​កម្ពុជា ពី​ម្នាក់ ទៅ​ម្នាក់​ឡើយ​។​

​ជារួម កម្ពុជា ពីមុន​ដែល​ធ្លាប់តែ​ជា​ប្រទេស​ទទួល​ជំនួយ​ទាំងស្រុង តែ​ពេលនេះ​កម្ពុជា​អាច​ក្លាយជា​ប្រទេស ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ប្រទេស​ដទៃ ហើយក៏​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ដែល​ទាំង​ការផ្តល់​ជំនួយ​ឲ្យ​គេ និង​ទាំង​ការទទួល​ជំនួយ​ពី​គេ គឺ​សុទ្ធតែជា​កាយវិការ បង្ហាញ​ពី​សាមគ្គីភាព និង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​ជួប​ការលំបាក​៕​

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular