​អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ ណែនាំ​ដល់​កសិករ ឱ្យ​ពង្រីក​ការដាំដុះ បន្លែ​សុវត្ថិភាព​

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ធនាគារ អភិវឌ្ឍន៍ ជនបទ និងកសិកម្ម

ដោយៈ ទេព មង្គល / ភ្នំពេញៈ អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ដល់​កសិករ ឱ្យ​ពង្រីក​ការដាំដុះ បន្លែ​សុវត្ថិភាព ដើម្បី​ជំនួស​ឱ្យ​ការ​នាំចូល ពី​ក្រៅប្រទេស ជាពិសេស ចូលរួម​លើកកម្ពស់ សុខមាលភាព​សាធារណៈ ។​

​លោក កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​មានប្រសាសន៍ថាៈ កាលណា កសិករ​កែប្រែ​ទម្លាប់ និង​ពង្រីក​ក្នុង​ការដាំដុះ​បន្លែ តាម​គោលការណ៍​ស្តង់ដារ សុវត្ថិភាព​បាន​នោះ នឹង​ធ្វើឱ្យ​ជីវភាព របស់​កសិករ កាន់តែ​ល្អប្រសើរ ជួយ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ជាពិសេស​មាន​សុវត្ថិភាព ដល់​អ្នក​បរិភោគ ។​

​លោក​បាន​បន្តថាៈ បច្ចុប្បន្ន ការផ្គត់ផ្គង់​បន្លែ របស់​កសិករ​ខ្មែរ ចូលទៅក្នុង​ទីផ្សារ នៅមានកម្រិត និង​មិនអាច​ឆ្លើយតបបាន គ្រប់គ្រាន់ សម្រាប់​ការប្រើប្រាស់ ក្នុងស្រុក ដែល​តម្រូវឱ្យ​មានការ​នាំចូល បន្លែ​បន្ថែម ពី​ក្រៅប្រទេស ហើយ​បន្លែ​នាំចូល មួយចំនួន បាន​ផ្ទុក​នូវ​សារធាតុ​គីមី​ច្រើន ដែល​ធ្វើអោយប៉ះពាល់ ដល់​សុខុមាលភាព អ្នកប្រើប្រាស់ ។​

​លោក​បាន​បន្ថែមថាៈ ការណែនាំ​ខាងលើនេះ គឺ​ស្របពេល​ដែលមាន​ការដាក់​ចេញ នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា ៥០ លាន​ដុល្លារ កាលពីពេល​កន្លងទៅ សម្រាប់​ធនាគារ​អភិវឌ្ឃន៍​ជនបទ និង​កសិកម្ម បង្កលក្ខណៈ​ងាយស្រួល ដល់​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​កសិករ ក្នុង​អត្រា​ការប្រាក់​ទាប ដោយ​គ្រាន់តែ​បំពេញ តាម​បែបបទ របស់​ធនាគារ ឱ្យបាន​ត្រឹមត្រូវ ។​

​លោក​បាន​អះអាងថាៈ ” គោលបំណង​ធំ​របស់​យើង គឺ​បំពេញតម្រូវការ​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​យើង ក្នុងស្រុក ហើយ​កាលណា នៅពេលដែល​យើង ផលិត​បន្លែ​សុវត្ថិភាព​នេះ វា​នាំ​ឱ្យជួយ​ដល់ ផ្នែក​សុខមាលភាព​សាធារណៈ របស់​យើង​។ វា​ផ្ទុយ​ពី​បន្លែ ដោយ​ប្រើ​គីមី​ច្រើន ដែល​ស្តុក​ក្នុង​ខ្លួន​យើង នឹងធ្វើ​ឱ្យ​កើត​ជំងឺ​ផ្សេងៗ ដូចជា ការកកស្ទះ​សរសៃ​ផ្សេងៗ មួយវិញទៀត គឺជា​វត្ថុធាតុដើម សម្រាប់​ការកែច្នៃ ចំណីអាហារ​ក្នុងស្រុក របស់​យើង ឲ្យ​បាន​ច្រើន ហើយ​ជំនួស​ការនាំ​ចូល​នេះ គឺ​សំខាន់​ណាស់ ដោយ​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល របស់​សម្ដេច​តេ​ជោ បានដាក់​ចេញ គឺ​ទម្លាក់​ទុន ៥០ លាន​ដុល្លារ កន្លងមក សម្រាប់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ផ្ដល់​ហិរញ្ញប្បទាន ទៅដល់​អ្នក​ដាំ​ដុះ​បន្លែ ផ្លែឈើ ការកែច្នៃ​ម្ហូបអាហារ កែច្នៃ​ផល​កសិកម្ម ការចិញ្ចឹម​សត្វ និង​ការធ្វើ​វារីវប្បកម្ម អ្វី​ទាំង​អស់ហ្នឹង ” ។​

​លោក​អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​លើកទឹកចិត្ត ដល់​ប្រជាកសិករ​គំរូ ក្នុងស្រុក​ទាំងអស់ ឱ្យ​ងាក​មក​គិតគូរ ពី​ការដាំដុះ​បន្លែ ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ ពោលគឺ​ការដាំដុះ​បន្លែ ដើម្បី​ធ្វើជា​ពាណិជ្ជកម្ម សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ឱ្យបាន​គ្រប់គ្រាន់ និង​មាន​សមត្ថភាព អាច​នាំចេញ ទៅ​ក្រៅប្រទេស បាន​ផង ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular