ដោយៈ ភ្នំស្វាយ / ពោធិសាត់ៈ មន្ត្រីជំនាញផ្នែកក្សេត្រសាស្ត្រ បានជំរុញកសិករ និងអាជីវករ អោយដាំបន្លែ នៅក្នុងផ្ទះសំណាញ់ ដោយមន្ត្រីជំនាញ ជួយពង្រឹងផ្នែកបច្ចេកទេសដាំ ថែទាំ និងចង្អុលទីផ្សារលក់។
បញ្ហានេះ ក៏ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សាមួយ ស្តីពីបច្ចេកទេសដាំបន្លែ នៅក្នុងផ្ទះសំណាញ់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងមានការចូលរួមពីមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុក /ក្រុង ព្រមទាំងកសិករ ដែលទទួលបានផ្ទះសំណាញ់ ចំនួន ២៧ រូប (ស្រី ៧រូប) ក្រោមជំនួយរបស់កម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់រាជរដ្ឋាភិបាល ។
លោក ឡាយ វិសិដ្ឋ បានមានប្រសាសន៍ថាៈ ដំណាំបន្លែសុវត្ថិភាព ដាំក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដំណក់ទឹក នៅខេត្តពោធិសាត់ កំពុងមានទីផ្សារល្អ ប្រជាពលរដ្ឋ អាចលក់បានក្នុងតំលៃសមរម្យ ជួយសម្រួលដល់ជីវភាព ។ ការដាំនេះ បានជួយកាត់បន្ថយហានីភ័យ ពីបម្រែបម្រួល អាកាសធាតុ ការគម្រាមកំហែង បំផ្លាញពីសត្វល្អិត និងកត្តាចង្រៃឯទៀត ។ នេះក៏ជាការដាំដំណាំ បន្លែសុវត្ថិភាព ដែលជួយឱ្យប្រជាពលរដ្ឋ ដាំជាបណ្តុំផង និងជាលក្ខណៈគ្រួសារផង ហើយការដាំនេះ ក៏មាន ខាងមន្ត្រីជំនាញ ពីមន្ទីរចុះទៅអប់រំ ផ្តល់បច្ចេកទេសដាំដុះ និងការធ្វើផ្ទះសំណាញ់ ដល់កសិករ ដើម្បីឲ្យពួកគេ អនុវត្តបច្ចេកទេសនេះ ទទួលបានជោគជ័យ។
លោកបានរំលឹកថាៈ ក្រៅពីការធ្វើស្រែ ចម្ការ ប្រជាពលរដ្ឋ ងាកមកធ្វើការដាំដុះ ដំណាំបន្លែសុវត្ថិភាពបន្ថែម ក្នុងផ្ទះសំណាញ់ ឬផ្ទះកញ្ចក់ (Green house ) ដែលដំណាំនេះ ប្រជាកសិករ បានកាត់បន្ថយ ការចំណាយថ្លៃដើមច្រើន ប្រើពេលខ្លី ទទួលបានទិន្នផលខ្ពស់ ងាយស្រួលស្វែងរកទីផ្សារ មិនចំណាយ កម្លាំងពលកម្មច្រើន និងមានការគាំទ្រខ្លាំង ពីសំណាក់អ្នកបរិភោគ។
លោកបានបញ្ជាក់ថាៈ ដំណាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ដែលប្រជាកសិករ បានដាំនេះ រួមមាន៖ ត្រកួន ស្ពៃ ផ្ទី សណ្តែក ត្រសក់ ននោង និងម្រះជាដើម។
ក្នុងនោះ កសិករ បានយកទៅលក់ខ្លួនឯងផង និងមានឈ្មួញកណ្តាល មកប្រមូលទិញ ដល់កន្លែងផង ។ ដោយផ្លែត្រសក់, ម្រះ,និងននោង លក់បានតំលៃ ១.៥០០ រៀល / គីឡូក្រាម ។
លោកបានបន្តថាៈ ក្រៅពីផ្តល់បច្ចេកទេសទំនើប ដែលជួយដល់ប្រជាពលរដ្ឋ មន្ទីរកសិកម្ម ខេត្តពោធិសាត់ ក៏បានចងជាបណ្ដុំអាជីវកម្ម ដើម្បីងាយស្រួល ក្នុងការលក់ចេញ ទៅកាន់ទីផ្សារ ធ្វើយ៉ាងណា ធានាបាននូវតម្លៃ ទាំងអ្នកលក់ និងអ្នកទិញ។ ជាមួយនឹងការជំរុញ និងលើកទឹកចិត្តអោយកសិករ ដាំបន្លែនេះ មន្ទីរ ក៏ដូចអាជ្ញាធរដែនដី ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋយើង ងាកមកបរិភោគបន្លែ សុវត្ថិភាពដាំដុះក្នុងស្រុក ហើយដែលមិនប្រើប្រាស់ជីគីមីនេះ មិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ និងមានតម្លៃសមរម្យផង ៕/V