ដោយៈ ញ៉ែម សុផល/ភ្នំពេញៈ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងសាជីវកម្មឧស្សាហកម្ម មហាកំផែងចិន (CGWIC) បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធ ផ្កាយរណប BeiDou និងបច្ចេកវិទ្យា ចាប់រលកសញ្ញា ពីចម្ងាយ (Remote Sensing) នៅព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរ គ្រោងនឹងចាប់ផ្តើម កិច្ចសហប្រតិបត្តិការ ទាក់ទងនឹងកម្មវិធីឧស្សាហកម្ម ចំនួនពីរគឺ៖ ថ្នាលព័ត៌មាន ឬទម្រព័ត៌មាន តាមដាន ត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដាន ត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូង នៃប្រតិបត្តិការអាជីវកម្ម នៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាព ទិន្នន័យបន្ថែមទៀត ដោយផ្អែកលើ តម្រូវការជាក់ស្តែង នៃផែនទីបង្ហាញផ្លូវក្នុងស្រុក ដើម្បីធានាប្រតិបត្តិការ អាជីវកម្ម។
ភាគីទាំងពីរ បានព្រមព្រៀងបង្កើត ក្រុមការងាររួមគ្នា ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើង នូវផែនការការងារ រៀបចំយន្តការ កិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារ ឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។
សូមជម្រាបថាៈ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប ដែលមានឈ្មោះថា BeiDou-3 Navigation ត្រូវបានបញ្ចប់ជាផ្លូវការ និងបើកឱ្យដំណើរការ ទូទាំងពិភពលោក។ ប្រព័ន្ធនេះ មានមុខងារសំខាន់ពីរគឺៈ មុខងារកំណត់ទីតាំង មានភាពជាក់លាក់ខ្ពស់ និងការបញ្ជូនទិន្នន័យ។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ ន្ធក្នុងលំហអាកាស ធំដំបូងបង្អស់របស់ចិន ប្រព័ន្ធផ្កាយរណប BeiDou-3 ផ្តល់សេវាសាធារណៈ ទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញ នៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្ម ដទៃទៀត នៅក្នុងប្រទេសចិន។ ប្រព័ន្ធនេះ បានបង្កើតខ្សែសង្វាក់ ឧស្សាហកម្ម ពេញលេញមួយ ដោយរួមបញ្ចូល modules, boards, terminals និងសេវាប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លើសពីនេះទៀត ភាគីទាំងពីរ នឹងព្យាយាមស្វែងរក និងបង្កើតកិច្ចសហប្រតិបត្តិការ BeiDou ប្រកបដោយភាពចាស់ទុំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ ក្នុងតំបន់ទាំងមូល ដែលធ្វើឱ្យប្រសើរឡើង ដល់ឥទ្ធិពល និងឋានៈនយោបាយ នៅក្នុងអាស៊ាន ផងដែរ ៕/V