Home ព័ត៌មានជាតិ សេដ្ឋកិច្ច ជើងហោះហើរត្រង...

ជើងហោះហើរត្រង់ ណារីតា-ភ្នំពេញ ចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២ ធ្នូ ខាងមុខនេះ

ដោយៈ សុផល / ភ្នំពេញៈ ជើងហោះហើរត្រង់រវាង ណារីតា -ភ្នំពេញ-ណារីតា នឹងចាប់ផ្តើម នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុន បានប្រកាសផ្អាកជើងហោះហើរ មួយរយៈ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ ការហោះហើរឡើងវិញ របស់ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានសុវត្ថិភាព ទេសចរណ៍ល្អបំផុត ក្នុងការធ្វើទស្សនកិច្ច និងមកទស្សនា ក្នុងអំឡុងពេល​ នៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ៣ លើពិភពលោក ជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ បានល្អបំផុត”។

តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថាៈ ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់ វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាល នៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញ ពីសុខសន្តិភាព ការអភិវឌ្ឍលើ គ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំ នៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែក យ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ទាក់ទាញទេសចរ និងសម្រួល ក្នុងការធ្វើដំណើរ របស់អ្នកវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគ មកកាន់កម្ពុជា ឲ្យច្រើនឡើងថែមទៀត។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំ កម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” “Travel Bubble” ដែលអនុញ្ញាតឲ្យ ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមក ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular