ដោយៈ សុផល / ភ្នំពេញៈ លោក ណេប សាមុត អគ្គលេខាធិការ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នារសៀលម្សិលមិញ បានប្រគល់ប្លង់ស្ថាបត្យកម្ម វិថីលក់ម្ហូបអាហារ ដល់រដ្ឋបាលខេត្តបាត់ដំបង។ គម្រោងនេះ មានការគិតគូរ លើផ្នែកលក្ខខណ្ឌទីតាំង និងសេវាកម្ម ស្របតាមស្តង់ដា “វិថីលក់ម្ហូបអាហារ របស់ក្រសួងទេសចរណ៍”។
សូមបញ្ជាក់ថា ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ គឺជាស្ថាបត្យកម្ម ក្រោមការប្រកួតប្រជែង ប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារ ខេត្តបាត់ដំបង” កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើង ដោយនាយកដ្ឋាន វាយតម្លៃទីក្រុងស្អាត និងនាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារ ដោយមានឈ្មោះថា “វិថីលក់ម្ហូបអាហារ ដងស្ទឹងសង្កែ” មានទំហំ ៦.០៦៥ m2 (២៨៨m x ២៣m), តូបលក់ម្ហូបអាហារ (Street food) ចំនួន ៤២តូប, និងមានជាប្រភេទ (តូបអាហារក្នុងស្រុក ឬអាហារតាមតំបន់ និងហាឡាល, តូបអាហារចម្អិនលឿន, តូបបង្អែម និងតូបភេស្ជជៈ)។
“វិថីលក់ម្ហូបអាហារ ដងស្ទឹងសង្កែ” នេះ ជាការអនុវត្តវិធានការ ដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិ ជំងឺឆ្លងកូវីដ-១៩ ពីព្រោះថា ក្រុងបាត់ដំបង ជាសក្កានុពល នៃការអភិវឌ្ឍគោលដៅ ទេសចរណ៍ (Secondary City) និងពង្រឹងបេក្ខភាព ខេត្តបាត់ដំបង ឆ្ពោះទៅការប្រឡងប្រណាំង ទីក្រុងស្អាតលើកទី ៣ ជាពិសេសបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរ នៅខេត្តបាត់ដំបង ពិសេសផ្នែកទេសចរណ៍ ម្ហូបអាហារ (Gastronomy Tourism)៕/V