ប្រែសម្រួល : កញ្ញាដាលីស/តេអេរ៉ង់ ៖ អ៊ីរ៉ង់បាននិយាយថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរលេចធ្លោជាងគេម្នាក់របស់ខ្លួនត្រូវបានធ្វើឃាតកាលពីថ្ងៃសុក្រទី២៧វិច្ឆិកានៅក្នុងការវាយប្រហារមួយនៅខាងក្រៅទីក្រុងតេអេរ៉ង់ ដោយស្តីបន្ទោសលើសត្រូវសួពូជរបស់ខ្លួនគឺ អ៊ីស្រាអែល និងព្រមានអំពី “ការសងសឹកធ្ងន់ធ្ងរ”។
ការធ្វើឃាតនេះបានគំរាមបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់និងអាម៉េរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺអ៊ីស្រាអែល ជាមួយការព្រមានមួយចំនួនអំពីហានិភ័យនៃជម្លោះធំនៅមជ្ឈិមបូព៌ា។
ក្រសួងការពារជាតិអ៊ីរ៉ង់និយាយថា លោក ម៉ូសិន ហ្វាគ្រីហ្សាដេ អាយុ ៥៩ ឆ្នាំ “បានរងរបួសយ៉ាងធ្ងន់ធ្ងរ” នៅពេលដែលក្រុមអ្នកវាយប្រហារបានផ្តោតគោលដៅមកលើរថយន្តរបស់គាត់ មុនពេលបាញ់ប្រហារជាមួយអង្គរក្សរបស់គាត់។
ក្រសួងបានបន្ថែមទៀតថា លោកហ្វាគ្រីហ្សាដេ ដែលជាប្រធានអង្គការស្រាវជ្រាវនិងច្នៃប្រឌិតរបស់ក្រសួង ក្រោយមកបានស្លាប់ បន្ទាប់ពីគ្រូពេទ្យមិនអាចសង្គ្រោះជីវិតគាត់បាន។
សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មទៅលើលោកហ្វាគ្រីហ្សាដេក្នុងឆ្នាំ ២០០៨ ចំពោះ “សកម្មភាពនិងប្រតិបត្តិការនានាដែលរួមចំណែកដល់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់” ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្លាប់បានចាត់ទុកលោកជាបិតានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកហ្វាគ្រីហ្សាដេត្រូវបានគេវាយប្រហារ នៅពេលធ្វើដំណើរក្បែរទីក្រុងអាប់សាដក្នុងតំបន់ដាម៉ាវ៉ាន់ស្ថិតនៅភាគខាងកើតទីក្រុងតេអេរ៉ង់។
អ្នកយកព័ត៌មានរបស់ទូរទស្សន៍រដ្ឋមួយរូបបាននិយាយថា ឡានដឹកទំនិញមួយគ្រឿង ដែលផ្ទុកគ្រឿងផ្ទុះលាក់នៅក្រោមគំនរឈើ បានផ្ទុះនៅពីមុខឡានរបស់គាត់ មុនពេលរងការបាញ់ស្រោចដោយកាំភ្លើងចេញពីរថយន្ត SUV មួយគ្រឿង។
រូបភាពពីកន្លែងកើតហេតុបានបង្ហាញឡានខ្មៅមួយគ្រឿងស្ថិតនៅផ្នែកម្ខាងនៃដងផ្លូវ និងកញ្ចក់មុខរបស់វាត្រូវធ្លុះដោយគ្រាប់កាំភ្លើង។ ថ្លុកឈាមក៏ឃើញនៅលើដងផ្លូវផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាដ ហ្សារីហ្វ និយាយថា មានការចង្អុលបង្ហាញយ៉ាងខ្លាំងថា អ៊ីស្រាអែលមានតួនាទីនៅក្នុងការធ្វើឃាតនេះ។
លោកបានសរសេរនៅលើ Twitter ថា “ពួកភេរវករបានធ្វើឃាតអ្នកវិទ្យាសាស្ត្រលេចធ្លោរបស់អ៊ីរ៉ង់នៅថ្ងៃនេះ។ ភាពកំសាកញី ជាមួយការចង្អុលបង្ហាញយ៉ាងខ្លាំងនៃតួនាទីរបស់អ៊ីស្រាអែល បង្ហាញអំពីភាពល្មោភសង្គ្រាមរបស់ជនល្មើស”។
លោកហ្សារីហ្វអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសអំពើភេរវកម្មនេះ។
កាសែតញូវយ៉កថែមស៍និយាយថា មន្ត្រីអាម៉េរិកម្នាក់និងមន្ត្រីចារកម្មពីរនាក់ទៀតបានបញ្ជាក់ថា អ៊ីស្រាអែលស្ថិតនៅពីក្រោយការវាយប្រហារនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕
លោក ម៉ូសិន ហ្វាគ្រីហ្សាដេ ត្រូវគេធ្វើឃាតនៅក្រៅក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រទី២៧វិច្ឆិកា