Home ព័ត៌មានអន្តរជាតិ សាលាឧទ្ធរណ៍​ទ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យបណ្តឹង​របស់​ត្រាំ​អំពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​នៅ​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហ្វីឡា​ដែល​ហ្វៀ ៖ ក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​រង​បរាជ័យ​ម្តងទៀត​នៅ​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា​ខណៈ​សាលាឧទ្ធរណ៍​សហព័ន្ធ​​នៅ​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀ​បាន​ច្រានចោល​ទាំងស្រុង​នូវ​កិច្ចប្រឹងប្រែង​ចុងក្រោយ​របស់​ក្រុម​យុទ្ធនាការ​ត្រាំ​ដើម្បី​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ​។​

​ក្រុម​មេធាវី​របស់​លោក​ត្រាំ​ប្តេជ្ញា​ថា​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ទៀត ទោះបីជា​មាន​ការវាយតម្លៃ​ពី​ចៅក្រម​ថា “​ការអះអាង​របស់​យុទ្ធនាការ​នេះ​មិន​មាន​មូលដ្ឋាន​ក៏ដោយ​”​។​

​លោក​ចៅក្រម​សាលាឧទ្ធរណ៍​សហព័ន្ធ​ទី ៣ ឈ្មោះ ស្តេ​ហ្វា​ណូស បាយ​បាស់ ដែល​តែងតាំង​ដោយ​លោក​ត្រាំ បាន​សរសេរ​សម្រាប់​ក្រុម​ចៅក្រម​បី​រូប​ដែល​អ្នក​ទាំង​បី​សុទ្ធតែ​ត្រូវបាន​តែងតាំង​ដោយ​ប្រធា​​នា​ធិបតី​របស់​បក្ស​សាធារណរដ្ឋ​រូបនេះ បាន​និយាយថា “​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​គឺជា​អាយុជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​។​ការចោទប្រកាន់​អំពី​ភាពអយុត្តិធម៌​គឺមាន​​សភាព​ធ្ងន់ធ្ងរ​ណាស់​។ ប៉ុន្តែ​ការហៅ​ការបោះឆ្នោត​ថា​មិន​យុត្តិធម៌​រឹតតែ​មិន​សម​ហេតុផល​។ ការចោទប្រកាន់​គឺ​តម្រូវឱ្យ​មាន​អំណះអំណាង​ជាក់លាក់​និង​បន្ទាប់មក​គឺ​ភស្តុតាង​រឹងមាំ​។ នៅទីនេះ​យើង​ពុំមាន​​ទាំងពីរ​នេះ​ទេ​”​។​

​ករណី​បណ្តឹង​នេះ​ត្រូវបាន​លើកយក​មក​ជជែក​វែក​ញែក​កាលពី​សប្តាហ៍​មុន​នៅក្នុង​តុលាការ​ជាន់​ទាប​មួយ​ដោយ​មេធាវី​ត្រាំ​គឺ លោក រូ​ឌី ជូ​លី​អា​នី​ដែល​ទទូច​ក្នុងអំឡុង​ការជជែក​វែកញែក​ផ្ទាល់មាត់​​៥​ម៉ោង​ថា ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ត្រូវ​បាន​រំខាន​ដោយ​ការលួចបន្លំ​យ៉ាង​ទូលំទូលាយ​នៅក្នុង​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ​។ ទោះ​យ៉ាងណា​លោក​ជូ​លី​អា​នី​មិន​បាន​ផ្តល់​ភស្តុតាង​ជាក់ស្តែង​ណា​​មួយ​នៅក្នុង​តុលាការ​ទេ​។​

​លោក ម៉ាត់​ធូ ប្រ៊ែន ចៅក្រម​នៅ​សហរដ្ឋ​អាម៉េរិក​មួយរូប​ទៀត​មកពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយថា ពាក្យបណ្តឹង​ដែល​ពោរពេញ​ទៅដោយ​កំហុសឆ្គង​នៃ​យុទ្ធនាការ​ត្រាំ​ត្រូវបាន​ផ្គុំ​ចូល​គ្នា​គ្មាន​​ក្បាល​កន្ទុយ “​ដូច​បិសាច​ហ្វ្រែង​ខិន​ស្តាញ​” យ៉ាង​អ៊ីចឹង និង​បដិសេធ​លោក​ជូ​លី​អា​នី​នូវ​សិទ្ធិ​ក្នុង​ការកែប្រែ​ពាក្យបណ្តឹង​នោះ​ជា​លើក​ទី​ពីរ​។​

​ចៅក្រម​សាលាឧទ្ធរណ៍​សហព័ន្ធ​ទី​៣​របស់​សហរដ្ឋ​អាម៉េរិក​បាន​ហៅ​ការកែប្រែ​ណាមួយ​ថា “​ឥតប្រយោជន៍​” ខណៈ​ដែល​ប្រធាន​ចៅក្រម​លោក ឌី ប្រ៊ូក ស្មី​ត និង​ចៅក្រម ម៉ៃ​ឃើ​ល ឆេ​ការ៉េស​បាន​ស្ថិតនៅ​​ក្នុង​ក្រុម​ជាមួយ​លោក​បាយ​បាស់​ដែរ ដែល​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​ផេន​ស៊ីល​វ៉ានៀ​៕

​សមរភូមិ​ចុងក្រោយ​របស់​ត្រាំ​កាន់តែ​អស់សង្ឃឹម នៅ​ពេល​លោក​ជ្រើស​យក​ផ្លូវ​ច្បាប់​ដើម្បី​កែប្រែ​លទ្ធផល​ឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular