Home ព័ត៌មានជាតិ នយោបាយ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម ស ខេង ៖ មិនត្រូវ​ប្រើ​មាត់ ជំនួស​ច្បាប់​ឡើយ បើ​មាន​បញ្ហា​អ្វី ត្រូវយក​ច្បាប់ មក​ដោះស្រាយ​

ដោយ​:​មុនី​រ័ត្ន / ភ្នំពេញ​: សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនត្រូវ​ប្រើ​មាត់​ជំនួស​ច្បាប់ ឡើយ ប្រសិនបើ​មាន​បញ្ហា​អ្វី មួយ​កើតឡើង ត្រូវយក​ចិត្ត​មក​ដោះស្រាយ ព្រោះ​ប្រទេស​កម្ពុជា គ្រប់គ្រង ដោយ​នីតិរដ្ឋ ដូច្នេះ​ត្រូវគោរព​នីតិរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការពង្រឹង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០ ២០ នៅ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា នៅ​ប្រទេស​កម្ពុជា​បានធ្វើ​ច្បាប់​យ៉ាងច្រើន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ប្រទេសមួយ​ឲ្យ​ទៅជា​នីតិរដ្ឋ និង​តាម​គោលការណ៍​ប្រជា​ធិ​តេ​យ្យ​។​

​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា «​ធ្វើ​ការងារ​ត្រូវ​ផ្អែក ទៅលើ​ច្បាប់ ហើយ​កុំ​ផ្អែកទៅលើ​មាត់ ឬ​គេ​ប្រើពាក្យ​ម្យ៉ាង ថា យើង​ត្រូវធ្វើ​ការគ្រប់គ្រង​នេះ ឲ្យ​ទៅជា​ការគ្រប់គ្រង​នីតិរដ្ឋ ហើយ​យើង​មិនត្រូវ​ធ្វើការ​គ្រប់គ្រង​ប្រទេស​យើង ទៅជា ការគ្រប់គ្រង​នីតិ​មាត់​ទេ​»​។​

​សម្ដេច​ក្រឡាហោម បន្ដថា ប្រជាពលរដ្ឋ ធ្វើ​រឿង​ត្រឹមត្រូវ និង​គោរព​ច្បាប់​របស់ ប្រទេស​កម្ពុជា មានការ​គាំទ្រ​។ ប៉ុន្ដែ​ប្រសិនបើ ប្រជាពលរដ្ឋ​ណាមួយ ធ្វើ​ខុសច្បាប់​របស់ ប្រទេស​កម្ពុជា ហើយ​រត់ទៅរក​អ្នកមានអំណាច មក​ឲ្យ​ជួយ​អន្ដ​រាមន៍ គឺ​មិនត្រូវ​ឡើយ បើ​ធ្វើ​ខុសច្បាប់ ត្រូវ​ទទួលយក តាមផ្លូវ​ច្បាប់​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែមទៀត​ថា «​ខ្ញុំ​សូម​ប្រើពាក្យ​នេះ​ថា យើង​មិនត្រូវ​ប្រើ​មាត់ ជំនួស​ច្បាប់​ទេ ច្បាប់​ថា​ម៉េច ត្រូវ​អនុវត្តតាម​ហ្នឹង​ទៅ ត្រូវ​ប្រើប្រាស់​តាម​នីតិរដ្ឋ និង​គោរព​គោលការណ៍​នីតិរដ្ឋ មិនត្រូវ​គោរព​តាម​នីតិ​មាត់​ទេ​។ ជួនកាល​ចៅហ្វាយខេត្ត ជូន​ចៅហ្វាយស្រុក ច្បាប់​ថា​ម៉េច ថា​ទៅ ខ្ញុំ​ចេះតែធ្វើ អាហ្នឹង​អត់​ត្រូវ​ទេ ខុស​»​។​

​ឆ្លៀតឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា បើតាម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺ​រដ្ឋបាល​ស្រុក ខណ្ឌ ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ព្រោះ​ពួកគាត់ នៅក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន​។ ដូច្នេះ​ត្រូវខិតខំ​ប្រឹងប្រែង ក្នុងការ​ទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា ជូន​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម រៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មាន​សិទ្ធិ ធ្វើ​របាយការណ៍ និង​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ ផ្ញើជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ដោយ​ត្រង់​ផងដែរ​។ ប៉ុន្ដែ​រាល់​លិខិត​របស់​រដ្ឋបាល ស្រុក ខណ្ឌ ដែល បាន​ផ្ញើជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ត្រូវមាន​លិខិត​ចម្លង​មួយច្បាប់ ផ្ញើមក​ក្រសួងមហាផ្ទៃ​។ ព្រោះថា ក្រសួងមហាផ្ទៃ ជា​អ្នកតាមដាន រាជធានី​-​ខេត្ត ទើប​ហៅថា «​ធ្វើ​ការងារ​តាមច្បាប់​»៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular