ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្នុងគោលបំណងចូលរួមចំណែក ពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតករ នៅលើដងផ្លូវ បង្កឲ្យខូចខាតទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌកំបូល បានត្រួតពិនិត្យ អ្នកបើកបរ និងព្រូរថយន្ត ចំនួន ១៦០ នាក់ ក្នុងនោះ បានធ្វើតេស្តិ៍ទឹកនោម រកសារជាតិញៀន ដោយឃើញមានអ្នកផ្ទុកសារធាតុញៀន ចំនួន ៩ នាក់ ។
បច្ចុប្បន្ន ក្រុមការងារ បានបញ្ជូនអ្នកបើកបររថយន្ត ដែលមានផ្ទុកសារជាតិញៀន ខាងលើ និងវត្ថុតាង ទៅអធិការដ្ឋាន នគរបាល ខណ្ឌកំបូល ដើម្បីបន្តចាត់ការ តាមនីតិវិធីច្បាប់។
មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថាៈ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានបែងចែក មន្ត្រីសាលាខណ្ឌ ដឹកនាំដោយលោក ទ្រី ណារ៉េត និងលោក គន់ ចាន់សុភារី នាយករងរដ្ឋបាល ដោយមានការចូលរួម សហការពី មន្ត្រីនគរបាល អធិការដ្ឋាននគរបាលខណ្ឌ មន្ត្រីមូលដ្ឋាន កងរាជអាវុធខណ្ឌ ព្រមទាំងមន្ត្រីសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌ បានដាក់គោលដៅ ត្រួតពិនិត្យអ្នកបើកបរ រថយន្តដឹកដី និងព្រូ ដើម្បីធ្វើតេស្តិ៍ទឹកនោម រកសារជាតិញៀន ដោយបែងបែងចែក ជា ២ ក្រុមគឺៈ ក្រុមទី១. គោលដៅផ្លូវលេខ ៤២ ចំណុចភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ។ ក្រុមទី២. គោលដៅផ្លូវលេខ៤២ ចំណុចភូមិអំពិល សង្កាត់កំបូល ដឹកនាំដោយ លោក គន់ ចាន់សុភារី នាយករងរដ្ឋបាលខណ្ឌ៕/V