Home ព័ត៌មានអន្តរជាតិ បន្ទាប់​ពី​ម៉...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​Pfizer​ជាង​១២​លាន​ដូស ឥណ្ឌូនេស៊ី​កំពុង​ចរចា​ទិញ​ដែរ​

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖ ម៉ាឡេស៊ី បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន​Pfizer​ចំនួន​១២,៨​លាន​ដូស ដោយ​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ប្រកាស​​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩​ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​។​

​លទ្ធផល​ពិសោធន៍​ចុង​ក្រោយ​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​៩៥​ភាគរយ តែ​វ៉ាក់សាំង​ផលិត​រួម​ជាមួយ​ក្រុមហ៊ុន​អាឡឺម៉ង់​BioNTech​ត្រូវ​រក្សាទុក​និង​ដឹកជញ្ជូន​ក្នុង​ទីតាំង​មាន​សីតុណ្ហភាព​ដក​៧០​អង្សា​សេ​(-70C)​និង​អាច​រក្សាទុក​ក្នុង​ទូ​រទក​កក​បានតែ​៥​ថ្ងៃ​។​

​ក្រោយ​កិច្ចព្រមព្រៀង Pfizer​នឹង​បញ្ជូន​វ៉ាក់សាំង​របស់ខ្លួន​១​លាន​ដូ​សអោយ​ម៉ាឡេស៊ី​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១ ហើយ​១,៧​លាន ៥,៨​លាន និង​៤,៣​លាន​ដូសនឹង​ត្រូវប្រគល់​តាម​ក្រោយ​នៅ​ត្រីមាស​បន្ត​​បន្ទាប់​គ្នា​។​

​នាយករដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ា​ស៊ីន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា​ថា ម៉ាឡេស៊ី​នឹង​ផ្តល់​អាទិភាព​ដល់​«​ក្រុម​ប្រឈម​ខ្ពស់​…​រួម​មាន​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ មនុស្ស​វ័យចាស់ និង​អ្នក​ជំងឺមិនឆ្លង​​ដូចជា​អ្នកជំងឺ​បេះដូង និង​ទឹកនោមផ្អែម​»​។​

​វ៉ាក់សាំង​នេះ​ទំនង​ជា​ធានា​ចាក់​បាន​តែ​ប្រជាជន​ម៉ាឡេស៊ី​ត្រឹម​៦,៤​លាន​នាក់ ឬ​២០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ហើយ​១០​ភាគរយ​ទៀត​នឹង​ទទួល​វ៉ាក់សាំង​បានមកពី​គំរោង​Covax​ដែល​គាំទ្រ​ដោយ​​អង្គការ​សុខភាព​ពិភពលោក​។​

​សូមបញ្ជាក់​ថា ម៉ាឡេស៊ី​នឹង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​ដោយ​មិន​គិតថ្លៃ​។ កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​១.១០៩​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​ក្បែរ​ខាង​ម៉ាឡេស៊ី ក៏​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​ឳ​ស​ថ Pfizer​និង​ដៃគូ Pfizer-BioNTech ដើម្បី​ទិញ​វ៉ាក់សាំង​មក​ចាក់​អោយ​ប្រជាជន​នៅ​ឆ្នាំក្រោយ​​។​

​បើ​តាម​របាយការណ៍ កិច្ច​ពិភាក្សា​នៅ​សប្តាហ៍​នេះ មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​និង​ទីភ្នាក់ងារ​ឳ​សថ​និង​ស្បៀង​របស់​អាម៉េរិក​ហើយ​វា​នឹង​បន្ត​ទៅ​សប្តាហ៍​ក្រោយ​។​

​ឥណ្ឌូនេស៊ី បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​សរុប​៥២២.៥៨១​ករណី និង​១៦.៥២១​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​នេះ ដែល​ជា​ចំនួន​ឆ្លង​និង​ស្លាប់​ខ្ពស់បំផុត​ធៀប​នឹង​ការឆ្លង​និង​ស្លាប់​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​​ណាមួយ​។​

​ឥណ្ឌូនេស៊ី​កន្លងមក​ក៏​ទទួល​ការធានា​ពី​ក្រុមហ៊ុន​ឳ​សថ​ចិន​Sinovac ក្រុមហ៊ុន​អាម៉េរិក​Novavax​និង​គំរោង​Covax​របស់​អង្គការ​សុខភាព​ពិភពលោក​ថា​នឹង​ប្រគល់​វ៉ា​សាំង​កូវី​ដ​១៩​ចំនួន​១៨៩​លាន​ដូស​​ផងដែរ​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២៧០​លាន​នាក់​ហើយ​រដ្ឋាភិបាល​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​១០៧,២​លាន​នាក់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular