ប្រែសម្រួល : កញ្ញាដាលីស/សៅប៉ូឡូ ៖ ប្រធានាធិបតីប្រេស៊ីលលោក ជែរ បូលសូណារ៉ូ និយាយថា លោកនឹងមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយហើយលោកបានហៅការប្រើម៉ាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះថាជា “រឿងមិនគួរធ្វើ”។
ការអត្ថាធិប្បាយរបស់លោកបូលសូណារ៉ូ ដែលបានចាក់ផ្សាយលើបណ្តាញសង្គមរបស់គាត់កាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យអ្នកជំនាញផ្នែកសុខភាពមានការព្រួយបារម្ភថាវាអាចធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកម្រិតនៃការចាក់វ៉ាក់សាំងចាំបាច់ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាត និងអាចបន្លាចដល់អ្នកផលិតវ៉ាក់សាំងមិនឱ្យហ៊ានមកចរចាជាមួយអាជ្ញាធរក្នុងស្រុក។
ទោះយ៉ាងណា លោកបូលសូណារ៉ូក៏បាននិយាយដែរថា រាល់វ៉ាក់សាំងណាមួយ ដែលបញ្ជាក់ដោយទីភ្នាក់ងារសុខភាពប្រេស៊ីល នឹងផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃ។
ប្រធានាធិបតីប្រេស៊ីល ដែលឆ្លងវីរុសកូរ៉ូណាកាលពីខែកក្កដាបានបដិសេធនឹងដំបូន្មានរបស់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញសុខភាពជាយូរមកហើយក្នុងការដាក់កំហិតទៅលើការរក្សាគម្លាតពីគ្នានិងសកម្មភាពសេដ្ឋកិច្ច ដោយលើកហេតុផលថា ការបំផ្លាញពីការបិទប្រទេសនឹងអាក្រក់ជាងជំងឺរាតត្បាតទៅទៀត។
លោកក៏បានផ្សព្វផ្សាយម្តងហើយម្តងទៀតនូវថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ថាជាការព្យាបាលសម្រាប់ជំងឺកូវីដ ទោះបីជាការសិក្សាវិទ្យាសាស្ត្ររកឃើញថាវាគ្មានប្រសិទ្ធភាពនិងអាចបង្កគ្រោះថ្នាក់ក៏ដោយ ហើយបានរិះគន់អភិបាលរដ្ឋនានា ដែលបានធ្វើតេស្តវ៉ាក់សាំងរបស់ចិននៅក្នុងស្រុក។
គាត់និយាយថា “ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំនឹងមិនចាក់វ៉ាក់សាំងណាមួយនោះទេ។ វាជាសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំប្រាកដថា សភានឹងមិនបង្កើតការលំបាកសម្រាប់អ្នកដែលមិនចង់ចាក់វ៉ាក់សាំងនោះទេ”៕
លោកបូលសូណារ៉ូនឹងមិនចាក់វ៉ាក់សាំងកូវីដ១៩ទេ ទោះវាមានប្រសិទ្ធភាពប៉ុនណាក៏ដោយ