ដោយៈ សុផានីតា / កោះកុងៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកោះកុង បានទទូចស្នើសុំជាថ្មី ដល់ប្រជាពលរដ្ឋ គ្រប់ម្ចាស់យានយន្តទាំងអស់ កុំបើកបរហួសល្បឿនកំណត់ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្ត ដោយសារប៉ុន្មាន កន្លងមកថ្ងៃនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ កើតមានច្រើន។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកោះកុង បានលើកឡើង បានប្រាប់រស្មីកម្ពុជា ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថាៈ ជាង ១ សប្តាហ៍មកនេះ អត្រាចំនួនអ្នកស្លាប់ និងរបួស បានកើតឡើង ជាបន្តបន្ទាប់ គួរឱ្យព្រួយបារម្ភ នៅត្រង់ចំណុចលេខសម្គាល់ គីឡូម៉ែត្រនីមួយៗ លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រកោះកុង រាប់ចាប់ពីផ្លូវបំបែក ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ។
សោកនាដកម្មនេះ ត្រូវបានលោក អន ដាវុធ ស្នើសុំជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ជាម្ចាស់យានយន្ត គ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានខ្ជាប់ខ្ជួន រាល់ពេលបើកបរ ធ្វើដំណើរ ដោយកុំបើកបរហួសល្បឿនកំណត់ កុំសេពគ្រឿងស្រវឹង កុំវ៉ាជែងទាំងស្ថានភាព ផ្លូវកោងបត់បែនច្រើន និងកុំដឹកលើសទម្ងន់ជាដើម។
ពីមួយឆ្នាំ ទៅមួយឆ្នាំ មន្ទីរសាធារណការ ខេត្តកោះកុង បានផ្តោតលើ ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការចូលរួម ការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ តាមរយៈស្ថាបនា និងជួសជុលកែលម្អផ្លូវ ដែលរងការខូចខាត អោយល្អប្រសើរឡើងវិញ បម្រើការធ្វើដំណើរ ទៅមកប្រកបដោយសុវត្ថិភាព។ ជាក់ស្តែង ក៏មានការតម្លើង ជាស្លាកសញ្ញាចរាចរណ៍ ជាច្រើនផងដែរ ក្នុងគោលបំណង អោយពលរដ្ឋម្ចាស់យានយន្ត ងាយប្រុងប្រយ័ត្ន ចំពោះឧបសគ្គផ្សេងៗ តាមបណ្តោយផ្លូវជាតិលេខ៤៨ មិនថា ពេលថ្ងៃ ឬពេលយប់ឡើយ។
ទាក់ទិនបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោកឧត្តមសេនីយ៍ត្រី កៅ ប៊ុនគីម ស្នងការរងនគរបាល ខេត្តកោះកុង ទទួកបន្ទុកចរាចរណ៍ និងសណ្តាប់ធ្នាប់ បានឱ្យដឹងថាៈ ជាង ១ សប្តាហ៍ ក្នុងខែវិច្ឆិកា យ៉ាងហោចណាស់ មានមនុស្ស ២ នាក់ បានស្លាប់ និង ៦ នាក់ទៀត រងរបួសធ្ងន់ស្រាល ហើយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយការបើកបរ ហួសល្បឿនកំណត់ និងវ៉ាជែងគ្នា ទាំងមិនស្គាល់ស្ថានភាព ផ្លូវកោង ចុះចំណោត។
ជាផែនការទប់ស្កាត់ អត្រាគ្រោះថ្នាក់ លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាល ខេត្តកោះកុង បានដាក់បទបញ្ជា ដល់នគរបាលអធិការដ្ឋាន តាមក្រុង និងស្រុកទាំងអស់ ចុះអប់រំផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ ទាំងយប់ថ្ងៃ ដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្ត អោយយល់ដឹងបន្ថែម លើសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ក្នុងភូមិសាស្ត្រ ខេត្តកោះកុង៕/V