ដោយ: សរិទ្ធ / ភ្នំពេញ: បុរសម្នាក់ដែលចាប់រំលោភសេពសន្ថវៈកូនឈ្នួលខ្លួនឯង បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០។
បុរសរូបនេះឈ្មោះ ឆោម ចាន់វិចិត្រ អាយុ៣៣ឆ្នាំ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ ម.ស.ស ភេទស្រី អាយុ១៧ឆ្នាំ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងបន្តថា កាលពីវេលាម៉ោង ០០ និង ៥០នាទី ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោ ដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ពេលនោះ ជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះទាញឱប ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច។ ពេលជនសង្ស័យរំលោភបានសម្រេច ហើយក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ដេក ជាមួយប្រពន្ធដូចធម្មតា។
បន្ទាប់មក ជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន។ ដោយឡែកកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី រូបគេក៏ធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ លើជនរងគ្រោះម្តងដែរ តែមិនបានសម្រេចនោះទេ៕