ដោយៈ ជា សីហៈ / ភ្នំពេញៈ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានទទួលជួបនឹងថ្លែងអំណរគុណ ក្រុមហ៊ុន ឃែមបូឌៀ អ៊ែវេ (Cambodia Airways) ដែលក្រុមហ៊ុនឧបត្ថម្ភ ការហោះហើរ ជាមនុស្សធម៌ ចំនួន ៣ ឝ្រឿង ដើម្បីដឹកជញ្ជូនម៉ាស ចំនួន ២,១ លាន និងបរិក្ខារពេទ្យសរុប ១២ មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងជំនួបជាមួយនឹងប្រធានក្រុមហ៊ុននេះ កាលពីម្សិលមិញ លោករដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ក៏ដូចក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលបានឆ្លើយតប ទាន់ពេលវេលា និងឆាប់រហ័ស តាមសំណូមពរ របស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារបរិក្ខារ ខាងលើ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះ ៣ គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកម៉ាស់ ២,១ លាន និងបរិក្ខារពេទ្យ សរុប ១២ មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែក កាលពីពេលដែលកម្ពុជា ដឹកម៉ាស់ទៅប្រទេសឡាវ គឺរាជរដ្ឋាភិបាល បានទទួលជំនួយ ពីក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី ហើយកម្ពុជា ក៏គ្រោងនឹងដឹកជញ្ជូនម៉ាស និងសម្ភារវេជ្ជសាស្ត្រ ទៅប្រទេសទីម័រខាងកើត ផងដែរ នៅពេលឆាប់ៗខាងមុខ ៕/V