ហ៊ាន ពិសី៖ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈយី ធា ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយជុំក្រោម ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សព្វថ្ងៃ យី ធាន រស់នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរំឭករឿងរ៉ាវអតីតកាលរបស់គាត់ដូចខាងក្រោម៖
នៅក្នុងជំនាន់ លន់ នល់ ខ្ញុំគឺជាកូនកសិករ ដែលមានជីវភាពខ្វះខាត។ ខ្ញុំបានសម្រេចចិត្តឈប់រៀន ខណៈពេលដែល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ខ្ញុំចាំបានថាកាលណោះឪពុករបស់ខ្ញុំបានចូលរួម ក្នុងចលនាបះបោរប្រឆាំងនឹងរដ្ឋប្រហារ ហើយក៏កើតមានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកឥតឈប់ឈរចាប់តាំងពីពេលនោះមក។ ភូមិរបស់ខ្ញុំដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក៏ទទួលរងការទម្លាក់គ្រាប់បែកដែរ។
យី ធាន នៅផ្ទះរបស់គាត់ស្ថិតនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(រូបថតៈហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សំណាងល្អប្រជាជននៅក្នុងភូមិភាគច្រើនបានរស់រានមានជីវិតពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នោះ។ ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមនៅតែបន្តរវាងកងទ័ព លន់ នល់ និងយោធាខ្មែរក្រហម។ ខ្ញុំបានឃើញខ្មែរក្រហមជីករណ្តៅដែលមានប្រវែងវែងៗ នៅក្រោយផ្ទះប្រជាជននិងនៅតាមវាលស្រែសម្រាប់កប់សាកសពអ្នកស្លាប់។រហូតដល់ឆ្នាំ១៩៧៥ខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យចូលធ្វើការនៅកងចល័ត។ ខ្ញុំមិនត្រូវបានប្រធានកងបញ្ជូនឲ្យទៅរែកដី និងជីកប្រឡាយទេ គឺខ្ញុំត្រូវធ្វើការនៅផ្នែករោងបាយ។ ខ្ញុំនិងប្រជាជនផ្សេងទៀតបានរស់នៅក្នុងស្ថានភាពយ៉ាងលំបាកនៅក្នុងសហករណ៍ ដោយសារការហូបចុកមិនគ្រប់គ្រាន់។
ក្រោយមកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅខេត្តមណ្ឌលគិរីដើម្បីរៀនពេទ្យយោធានៅទីនោះ។ខ្ញុំបានរៀនខាងផ្នែកវេជ្ជសាស្ត្រដោយផ្ដើម ចេញពីការចេះអានអក្សរបន្តិចបន្តួច និងព្យាយាមស្វែងយល់ប្រភេទថ្នាំនីមួយៗដែលមានបិទអក្សរនៅលើនោះ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានផ្លាស់ខ្ញុំឲ្យទៅធ្វើជាពេទ្យឆ្មប និងជាប្រធានផ្នែកពេទ្យទៀតផង។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ។ ពេលនោះមានប្រជាជនរហូតទៅដល់១២០គូ។ការរៀបការដោយ បង្ខំបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនស្ទើរគ្រប់រូបដែលអ្នកខ្លះបានធ្វើអត្តឃាតព្រោះ ខ្លួនមិនពេញចិត្ត។ ចំណែកខ្ញុំក៏មិនពេញចិត្តការរៀបការរបស់ខ្ញុំដែរ ប៉ុន្តែខ្ញុំគ្មានជម្រើស។
នៅក្នុងឆ្នាំ១៩៧៩ពេលដែលកងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជាខ្មែរក្រហមបានបញ្ជូនប្តីរបស់ខ្ញុំទៅសមរភូមិមុខដើម្បីប្រយុទ្ធ។ប្តីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលសង្គ្រាមនោះ។ខ្ញុំនិងប្រជាជនជាច្រើននាក់ផ្សេងទៀតបានរត់ចូលព្រៃជាមួយខ្មែរក្រហម។ ជីវិតរបស់យើងមានការលំបាកខ្លាំងណាស់ ដោយសារយើងពុំមានបាយហូប។ ជារឿយៗ យើងតែងតែដើរជីកក្ដួច និងដំឡូងព្រៃសម្រាប់បរិភោគជាក្រុម។ យើងបានធ្វើដំណើរប្រមាណជិតកន្លះខែឆ្ពោះទៅកាន់ទន្លេរពៅ ដោយឆ្លងកាត់ឧបសគ្គជាច្រើននៅតាមផ្លូវធ្វើដំណើរ។ ប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិត ដោសារលង់ទឹកនិងមានជំងឺគ្មាន ថ្នាំព្យាបាលជំងឺ។
យី ធាន និង ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(រូបថតៈហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅទន្លេរពៅ យើងបានរស់នៅលើទីទួលសុវត្ថិភាព និងរួចផុតពីការបាញ់ប្រហារ។យើងត្រូវបានខ្មែរក្រហមជ្រើសតាំង ឲ្យចូលធ្វើការក្នុងកងដឹកជញ្ជូន។យើងបានដឹកជញ្ជូនគ្រាប់និងគ្រឿងសព្វាវុធទៅកាន់សមរភូមិខាងក្នុងប្រទេសប្រមាណពីបួនទៅប្រាំដងក្នុងមួយខែ។ យើងបានធ្វើដំណើរចុះភ្នំឡើងភ្នំ និងប្រើពេលវេលាជាច្រើនថ្ងៃទម្រាំទៅដល់គោលដៅ។ ទោះបីជាការដឹកជញ្ជូនមានការនឿយហត់ ប៉ុន្តែការហូបចុករបស់យើងហាក់មានភាពប្រសើរឡើងទៅវិញ។ ជារៀងរាល់ដប់ថ្ងៃ ឬមួយខែម្ដង យើងទទួលបាន អង្ករ ត្រីខកំប៉ុង និងសម្ភារប្រើប្រាស់ផ្សេងៗដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការជាថ្មីម្ដងទៀតនៅតំបន់១០០១។
ខ្ញុំបានបន្តរស់នៅតំបន់១០០១រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបខ្ញុំនិងប្រជាជនបានធ្វើដំណើរមកតំបន់អន្លង់វែង។ ខ្ញុំបានរស់នៅភូមិអូរថ្ម ដែលបច្ចុប្បន្នប្តូរឈ្មោះទៅភូមិឯកភាព នៃតំបន់អន្លង់វែង។ ដំបូងខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារនៅទីនេះគឺជាតំបន់ព្រៃក្រាស់។ ខ្ញុំនិងគ្រួសារ ចាប់ផ្ដើមកាប់ឆ្ការព្រៃដើម្បីយកដីសាងសង់ផ្ទះ។ខ្ញុំនិងគ្រួសារបាន ទទួលការជួយទំនុកបម្រុងពីតាម៉ុកដូចជាអង្ករត្រីខនិងគ្រឿងសម្ភារប្រើប្រាស់ផ្សេងៗទៀតនិងបានខិតខំកាប់ឆ្ការព្រៃដាំដំណាំបន្ថែមទៀត។
ខ្ញុំនៅចាំបានថា ក្រោយពីប្រមូលផលស្រូវរួចមិនបានយូរប៉ុន្មាន យើងត្រូវរត់ភៀសខ្លួនម្ដងទៀតទៅកាន់ជំរំភូណយ ក្នុងទឹកដីថៃ ដោយសារកងទ័ពខាងរដ្ឋាភិបាលវាយចូលមកតំបន់អន្លង់វែង។ ជីវិតទៅដល់ទីនោះមានភាពល្អប្រសើរដោយសារកាកបាទ ក្រហមអន្តរជាតិជួយផ្តល់ស្បៀងអាហារ សម្លៀកបំពាក់ និងសម្ភារជាច្រើនមុខទៀត។ រយៈពេលពីរឆ្នាំនៅទីនោះ ខ្ញុំនិងគ្រួសារបានបង្កើតមុខរបរមួយ ដោយខ្ញុំនិងប្តីបានដើរប្រមូលទិញទូរទស្សន៍ចាស់ៗពីប្រជាជនថៃយកមកជួសជុល ហើយលក់ឲ្យប្រជាជនដែលរស់នៅក្នុងជំរុំជាមួយគ្នា។ ខ្ញុំនិងគ្រួសារ អាចដោះស្រាយជីវភាពបានមួយកម្រិត។
នៅក្នុងឆ្នាំ១៩៩៨ គឺជាឆ្នាំដែលយោធាខ្មែរក្រហមនៅតំបន់អន្លង់វែងបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំនិងគ្រួសារត្រូវបានបញ្ជូនពីជំរំភូណយមកកាន់តំបន់អន្លង់វែងតាមរថយន្តខ្មែរក្រហម។ប្រជាជនមួយចំនួនទៀតត្រូវធ្វើដំណើរដោយថ្មើរជើងមកអន្លង់វែងតាមក្រុមនីមួយៗ។ ចាប់ពីពេលនោះ យើងបានចាប់ផ្ដើមប្រកបរបរនិងរស់នៅជា ឯកជន ធ្វើស្រែធ្វើចម្ការដោយខ្លួនឯងព្រោះយើងលែងមានរបបអាហារដូចពីមុនទៀតហើយ។មិនតែប៉ុណ្ណោះក្រោយពេលប្រទេសទទួលបាននូវសុខសន្តិភាពប្តីរបស់ខ្ញុំដែលធ្លាប់បម្រើការជាយោធាត្រូវបានរដ្ឋាភិបាលកាត់រំសាយនិងផ្តល់ថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារថែមទៀត។ ក្រោយមក ប្តីរបស់ខ្ញុំបានចូលធ្វើជាគ្រូបង្រៀននៅសាលាស្ថិតក្នុងភូមិឯកភាព។
បច្ចុប្បន្នខ្ញុំសង្កេតឃើញថាប្រជាជននៅក្នុងភូមិ ក៏ដូចជាសហគមន៍នៅអន្លង់វែងមានការរីកចម្រើនដែលខុសពីពេលមុន ដូចជាមានផ្លូវថ្នល់,សាលារៀននិងមន្ទីពេទ្យ។ជាពិសេសប្រជាជនអាចប្រកបមុខរបរផ្សេងៗនិងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ៕សរន
ផ្ទះរបស់ យី ធាន ស្ថិតនៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)