ប្រែសម្រួលៈវាសនា/ញូវ ដេល្លី៖រដ្ឋាភិបាលឥណ្ឌាបានអញ្ជើញពួកមេដឹកនាំកសិករមកពិភាក្សាគ្នា នៅពេលកសិកររាប់ពាន់នាក់ធ្វើការប្រឆាំងតវ៉ានៅក្នុងនិងជុំវិញរដ្ឋធានីកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងច្បាប់កសិកម្ម ដែលពួកគេនិយាយថា អាចអោយវិស័យឯកជនគេងចំណេញដោយទិញកសិផលរបស់គេក្នុងតំលៃថោកៗ។
ក្រោយការប៉ះទង្គិចគ្នាអស់មួយថ្ងៃជាមួយប៉ូលិស ដែលបានប្រើឧស្ម័នហៀរទឹកភ្នែកនិងការបាញ់ទឹក ព្រមទាំងដំបងដើម្បីរុញពួកគេថយក្រោយ ពួកបាតុករជាកសិករត្រូវបានអនុញ្ញាតអោយចូលក្នុងរដ្ឋធានីញូវ ដេល្លី កាលពីយប់ថ្ងៃសុក្រ។
ពួកកសិករស្រែកពាក្យស្លោក និងប៉ះជាមួយប៉ូលិសនៅព្រំដែនរវាងក្រុងដេល្លី និងរដ្ឋហាយ៉ានណា កាលពីថ្ងៃសុក្រទី២៧វិច្ឆិកា។ពួកគេបានជួបការបាញ់ទឹកនិងឧស្ម័នហៀរទឹកភ្នែកក្នុងពេលបន្តដំណើរចូលរដ្ឋធានី ដើម្បីប្រឆាំងនឹងច្បាប់កសិកម្ម ដែលពួកគេថាផ្តល់អំណាចខ្លាំងដល់ក្រុមហ៊ុននិងបន្ថយចំណូលរបស់គេ
ក្នុងពេលធ្វើដំណើរចូលក្រុង ពួកគេបានប្រើត្រាក់ទ័រ ចូកកាយរបាំងផ្លូវ រួមមានកុងតេន័រនិងរថយន្តធំៗដែលប៉ូលិសដាក់ឃាំងផ្លូវ។ប៉ូលិសថែមទាំងជីកចង្អូរកាត់ផ្លូវធំ ដើម្បីរារាំងដំណើរអ្នកប្រឆាំងតវ៉ាទៀតផង។
រូបភាពទូរទស្សន៍បានបង្ហាញពួកគេខ្លះបានធ្វើដំណើរចូលក្នុងរដ្ឋធានី និងរាប់ពាន់នាក់ទៀតនៅជាយក្រុងនៅឡើយ នៅពេលរដ្ឋមន្ត្រីកសិកម្មលោក ណារេនដ្រា ស៊ីង តូម៉ា បានអញ្ជើញពួកគេមកជួបពិភាក្សាគ្នា។ទោះជាយ៉ាងណា នៅមិនទាន់មានការឆ្លើយតបពីក្រុមមេដឹកនាំកសិករនៅឡើយទេខណៈពួកកសិករនិយាយថា ពួកគេនឹងមិនវិលទៅផ្ទះវិញទេដរាបណាការទាមទាររបស់គេមិនត្រូវបានដោះស្រាយ។
សូមបញ្ជាក់ថា អស់ពេល២ខែមកហើយបណ្តាសហជីពកសិករបានជំទាស់នឹងច្បាប់ដែលសភាអនុម័តកាលពីខែកញ្ញា និងបានបោះជំរំតវ៉ានៅលើផ្លូវហាយវ៉េនៅក្នុងរដ្ឋពុនចាប និងហាយ៉ាណា។ពួកគេបារម្ភថា ច្បាប់នេះនឹងនាំអោយរដ្ឋឈប់ទិញកសិផលក្នុងតំលៃធានាមួយ ហើយជាលទ្ធផលបណ្តាក្រុមហ៊ុនឯកជនឆ្លៀតឱកាសទិញធញ្ញជាតិរបស់គេក្នុងតំលៃថោកៗ។
តែរដ្ឋាភិបាលបាននិយាយថា ចាំបាច់ត្រូវមានច្បាប់ដូច្នេះដើម្បីកែទំរង់កសិកម្ម ដោយផ្តល់អោយកសិករនូវសេរីភាពទីផ្សារសំរាប់ផលិតផលរបស់គេនិងជួយជំរុញផលិតកម្មតាមរយៈការវិនិយោគរបស់ឯកជន៕