ដោយៈ គ្រញូង / ថៃៈ កាលព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តម្រូតថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ ចំនួន ៦ នាក់ ដែលក្លែងខ្លួន ជាព្រះសង្ឃ ដើរបិណ្ឌបាត្រ ក្នុងទឹកដីថៃ នៅចំណុចព្រៃមួយកន្លែង ក្បែរផ្លូវបាងណាត្រាត ជិតផ្លូវចូលទៅអាកាសយានដ្ឋាន សុវណ្ណភូមិ កណ្តាលទីក្រុងបាងកក ប្រទេសថៃ យកទៅធ្វើការអប់រំ និងផ្សឹកជាគ្រហស្ថ ហើយបញ្ជូនខ្លួនឲ្យតុលាការ ចាត់ការតាមច្បាប់ ប្រទេសថៃ។
ប្រភពព័ត៌មានពី ប្រទេសថៃ បានឲ្យដឹងថាៈ នៅមុនពេលឃាត់ខ្លួន គឺតម្រួតថៃ បានតាមដានជាច្រើនថ្ងៃ រហូតដល់ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបប្រទះឃើញព្រះសង្ឃខ្មែរ ទាំង ៦ អង្គ និមន្តបិណ្ឌបាត្រ នៅទីក្រុងបាងកក ហើយចូលទៅតាមផ្លូវ អាកាសយានដ្ឋាន សុវណ្ណភូមិ ទើបសមត្ថកិច្ចថៃ បានដេញ រហូតដល់កន្លែងស្នាក់នៅ របស់ព្រះសង្ឃក្លែងក្លាយ ទាំងនោះតែម្តង គឺស្ថិតក្នុងព្រៃមួយកន្លែង ដោយមានសម្ភារមួយចំនួន ដូចជា អង្រឹង និងខ្ទម សម្រាប់ស្នាក់នៅ មានចាន ឆ្នាំង និងស្បៀងអាហារ មួយចំនួន ដូចជាត្រីខកំប៉ុង ជាដើម ។
ក្រោយពេលសាកសួររួចមក តម្រួតថៃ បានធ្វើការអប់រំ និងបញ្ជូនទៅអោយ ខាងធម្មការ ផ្សឹក ហើយបញ្ជូនខ្លួន ទៅចាត់ការ តាមផ្លូវច្បាប់ ដោយសារបាន លបលួច ឆ្លងដែន ចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត និងក្លែងខ្លួនជាព្រះសង្ឃថែមទៀត នាំឲ្យខូចដល់វិស័យសាសនា៕/V
តម្រួតថៃ ចាប់ពលរដ្ឋខ្មែរ ៦នាក់ ដែលក្លែងខ្លួនជាព្រះសង្ឃ បញ្ជូនទៅតុលាការ