Home ព័ត៌មានជាតិ នយោបាយ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​អ​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​បរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា តាម​យន្តហោះ​ពិសេស​។​

សម្តេច​អ​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ក្រសួងសុខាភិបាល បាន​កំណត់ថា គណៈប្រតិភូ​បរទេស នឹងត្រូវ​បាន​យក​សំណាក ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ យ៉ាង​ឆាប់រហ័ស​ពេលមកដល់​កម្ពុជា មុនពេល​ចូលគាល់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬ​មុន​ចូលជួប​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​។ នេះ​គឺជា​ការណែនាំ​បន្ទាប់ពី​កម្ពុជា បាន​ជួប​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ក្រសួង​អភិវឌ្ឍន៍ជនបទ បានប្រកាស​ពី​តម្រូវការ​ថវិកា​ប្រមាណ​ជា ៩១​លាន​ដុល្លារ ដើម្បី​ជួសជុល និង​ស្ដារឡើងវិញ​នូវ​ផ្លូវ​ជនបទ ដែល​រង​ផលប៉ះពាល់​និង​ខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ទូទាំងប្រទេស នាពេល​កន្លងមក​។ ចំពោះមុខ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​ជួសជុល និង​ស្តារឡើងវិញ​នូវ​ផ្លូវលំ​ជនបទ ដែល​រង​ការខូចខាត ក្នុង​ខេត្ត ៣​ជាប់​ព្រំដែន​ថៃ គឺ​ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។​

សម្តេច​អ​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​កាលពី​ថ្ងៃទី​២៤ ខែ​វិ​ចិ្ឆ​កា សហរដ្ឋ​អាម៉េរិក តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាម៉េរិក​យូ​សេដ​( USAID) បានផ្តល់​ជំនួយ​មនុស្ស​ធម៌​បន្ថែមចំនួន ៦០ ម៉ឺន​ដុល្លារ​បន្ថែមទៀត ដល់​អង្គការ​ស្បៀងអាហារ​ពិភពលោក សម្រាប់​ជួយ​ដល់​ការខិតខំ​ប្រឹងប្រែង​នានា ក្នុងការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​ក​ម្ព​ជា​។ នេះ​គឺជា​លើក​ទី​២​ហើយ បន្ទាប់ពី​អាម៉េរិក បាន​ផ្តល់ជំនួយ ១០ ម៉ឺន​ដុល្លារ​ម្តង​ហើយ កាលពី​អំឡុងពេល ដែល​កម្ពុជា កំពុង​រងគ្រោះ​ទឹកជំនន់ កាលពី​ខែតុលា​។​

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​ពិភពលោក​ដែលជា​ក្តីកង្វល់​និង​ផលប្រយោជន៍​រួម​រាប់បញ្ចូល​ទាំង​កិច្ចសហការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ ក្នុងនោះ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន ដែល​នៅ​សេសសល់ ចំនួន​១៦% ក្នុង​គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។ មួយថ្ងៃ​ក្រោយ​ជំនួប​នេះ ពោលគឺ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា អាជ្ញាធរ​សមត្ថកិច្ច​វៀ​ត​ណា​ម បាន​រុះរើ​តង់ និង​រោង​យាម​ទាំងអស់ ដែល​វៀតណាម​បាន​សាងសង់​នៅ​ព្រំដែន​មិនទាន់​ព្រមព្រៀង ក្នុង​ខេត្តកណ្តាល​។

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មេធាវី​ទាំងអស់ បន្តធ្វើ​ការងារ​របស់​ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​គាំពារ​ផ្នែក​ផ្លូវច្បាប់​ដោយ​ឥតគិតថ្លៃ និង​គ្មាន​ការរើសអើង ជូន​ដល់​ស្ត្រី​ទន់ខ្សោយ និង​ពលរដ្ឋ​ក្រីក្រ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស អោយមាន​ប្រសិទ្ធភាព​។ សម្ដេច​តេ​ជោ ចាត់ទុកថា យន្តការ​នៃ​ការ​គាំពារ​ប្រឹក្សា​ផ្នែក​ច្បាប់ គឺជា​ចំណែក​មួយ​នៃ​ការធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​នៅ​កម្ពុជា​។​

​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ ត្រូវបាន​រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត​ទាំងស្រុង នៅក្នុង​កិច្ចប្រជុំពេញអង្គ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បញ្ជាក់ថា វិស័យ​អប់រំ និង​សង្គមកិច្ច គឺជា​វិស័យ​អាទិភាព ក្នុង​គម្រោង​ចំណាយ​ថវិកា ឆ្នាំ​២០២១​។ ថវិកា​ឆ្នាំ​២០២១ ដែល​គ្រោង​ចំណាយ ៧៥០០ លាន​ដុល្លារ​អាមេរិក គឺជា​ថវិកា​យុទ្ធសាស្ត្រ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ និង​តម្រង់​ឆ្ពោះទៅរក​ការស្ដារ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ថា កម្ពុជា នឹង​ប្រឈមមុខ​ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់ ២​ដង នៅ​ដើមរដូវ​ប្រាំង​នេះ​។ ការចុះ​ត្រជាក់ លើក​ទី​១ នឹងមាន​រយៈពេល ៣​សប្ដាហ៍ នៅ​ដើមខែ​ធ្នូ មុននឹង​បន្ត​ចុះ​ត្រជាក់​លើក​ទី​២ ដែលមាន​រយៈពេល​យូរ ចាប់ពី​នៅ​ខែមករា ឆ្នាំ​២០២១​។ បើតាម​ក្រសួង​ធនធានទឹក ការចុះ​ត្រជាក់​ឆ្នាំនេះ សីតុណ្ហភាព នឹង​ធ្លាក់​ដល់ ១៦​អង្សារ នៅ​តំបន់​ខ្លះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​នាំយក​អំណោយ​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ​ចំនួន ១២ មុខ​ផ្សេងទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ការប្រគល់​ឧបករណ៍​បែបនេះ ក៏​ត្រូវបាន​កម្ពុជា ប្រគល់​ដល់​ប្រទេស​ឡាវ រួចមកហើយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ នៅ​ល្ងាច​ថ្ងៃទី​២៦​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​ម៉ាស ១,៥​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ជូន​ដល់​ប្រទេស​ទី​ម័​រលេ​ស្ត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ អំណោយ​ទាំងនេះ នឹងត្រូវ​ដឹកជញ្ជូន​យកទៅ​ប្រគល់ជូន​រដ្ឋាភិបាល ទី​ម័​រលេ​ស្ត នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំ​រឿង «៩​វិច្ឆិកា​» ពាក់ព័ន្ធ​នឹង​ក្រុម​អ្នកគាំទ្រ​ទណ្ឌិត សមរង្ស៊ី ដែលមាន​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ បន្ទាប់ពី​បើកសវនាការ​អស់​រយៈពេល ១​ព្រឹក ចៅក្រម បានប្រកាសថា នឹង​បន្ត​សវនាការ ជំនុំជម្រះ​លើ​ជនជាប់ចោទ ១៣៩​នាក់ ដែល​ចូលរួម​ក្នុង​ផែនការ​នោះ ទៅធ្វើ​នៅ​ថ្ងៃទី​១៤ ខែមករា និង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ បន្តទៀត​។​

​ក្នុង​ពិធី​បើកសម្ពោធ ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៧ ឆ្នាំ ២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​ចិន និង​អាស៊ាន អំពី​ផែនការអភិវឌ្ឍន៍​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​ការធ្វើកំណែទម្រង់​មុត​ស្រួច​របស់​កម្ពុជា​។ ផែនការអភិវឌ្ឍន៍ និង​ការធ្វើកំណែទម្រង់​នេះ ជាស​ក្កា​នុព​ល និង​ជា​ឱកាស​ដ៏​ធំ​របស់​អ្នកវិនិយោគ​បរទេស ក្នុង​ការចាប់​ផ្តើមធ្វើ​អាជីវកម្ម នៅលើ​ទឹកដី​កម្ពុជា​។ សម្រាប់​កម្ពុជា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​វិបត្តិ​ធ្ងន់ធ្ងរ ចំពោះ​សេដ្ឋកិច្ច និង​សង្គម តែ​វិបត្តិ​នេះ បានបង្ហាញ​កាន់តែច្បាស់​នូវ​ភាពចាំបាច់​កាន់តែខ្លាំង ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម និង​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ ដើម្បី​អាចឱ្យ​ជីវិត​សង្គម​របស់​មនុស្សជាតិ មានលទ្ធភាព​សម្រប​ទៅនឹង​ប្រក្រតី​កម្ម​ថ្មី និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​លើកកម្ពស់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​។​

​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩! គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ស​រុ​ចំនួន ៣០៨​នាក់​។ ក្នុងនោះ ២៩៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ នៅ​កម្ពុជា មិនមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​ទេ ហើយក៏​មិនមាន​ការឆ្លង​ក្នុង​សហគមន៍ ពី​ម្នាក់ ទៅ​ម្នាក់​ឡើយ​។ ពោលគឺ​ស្ទើរតែ​ទាំងអស់ ករណី​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​នាំចូល​មកពី​ក្រៅប្រទេស​។​

សម្តេច​អ​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានធ្វើ​ដំណើរ​តាម​រថយន្ត ចាក​ចេញពី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្តសៀមរាប​។ នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ នៅក្នុង​ហ្វេ​ស​បុក កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែវិច្ឆិកា​ថា “​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​បង្កឡើង​ដោយ​កូ​វីដ​១ ៩​បាន​ពន្យារពេល​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប​។ ពេលនេះ សម្តេច កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​៣០​វិច្ឆិកា​២០២០ ខានស្អែក​នេះ​។ ប្រមាណ​ជាង​មួយឆ្នាំ​ទៀត ក្រុង​សៀមរាប នឹងមាន​ផ្លូវ​ល្អ ដែល​សម្តេច​ផ្តោត​សំខាន់​លើ​ចំណុច ៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សោ​ភ​ណ័​ភាព​សម្រាប់​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល បាន​ត្រៀម​បញ្ចេញ​នូវ​ថវិកា ១៥០​លាន​ដុល្លារ​សម្រាប់​សាងសង់ និង​កែលម្អ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប ដើម្បី​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី​នៃ​ពិភពលោក នៅក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ស្រាកស្រាន្ត​ទៅវិញ​។ ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​នេះ ធ្វើឡើង ក្រោយពី​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា ១០០​លាន​ដុល្លារ សម្រាប់​ការស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រែក្លាយ​ក្រុងព្រះសីហនុ ជាទី​ក្រុង​ទំនើប និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​របស់​កម្ពុជា​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular