«​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» លើកទឹកចិត្ត បំផុសស្មារតី​ឱ្យ​ស្រឡាញ់​បរិស្ថាន​និង​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ដែលជា​ផ្នែក​មួយ​នៃ​“​គម្រោង​ស្អាត​​”​សម្រាប់​ឆ្នាំ​២០២០​នេះ បាន​បិទ​បញ្ចប់​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជាមួយនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ បន្ទាប់ពី​បាន​ដំណើរការ​ពេញ​មួយខែ​វិច្ឆិកា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា​«​ខែ​ស្អាត »​។​

​កម្មវិធី​បិទ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ២០២០ និង​ពិធី​ប្រកាស​ពានរង្វាន់​គម្រោង​ទស្ស​នា​ទាន “​សាលា​បរិស្ថាន​ស្អាត​”​បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន រាជធានី​ភ្នំពេញ​។​ជ័យលាភី​ស្អាត​ទាំងបី “​ស្អាត​ឆ្នើម​» «​ស្អាត​និរន្តរភាព​»និង «​ស្អាត​ច្នៃប្រឌិត​» បាន​​ទៅ សាលា​ស៊ីសុវត្ថិ សាលា​ប៊ែ​ល​ធី​អន្ដរជាតិ និង​សាលា​សុវណ្ណ​ភូមិ៊។

លោកស្រី ជា ផល្លា សហ​ស្ថាបនិក​នៃ​គម្រោង​ស្អាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ឆ្នាំ​២០២០ ជា​ឆ្នាំ​ទី​៤​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​។​យុទ្ធនាការ​នេះ បានសម្រេច​បាន​នូវ​សកម្មភាព​មួយ ចំនួន​គួ​ជាទី​មោទនៈ​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ ក៏ដូចជា​ផ្សព្វផ្សាយ​បញ្ហា​នូវ​ចំណេះដឹង​ផ្នែក​បរិស្ថាន លើ​បញ្ហា​នៃ​ការ​ទុកដាក់​សំរាម​ផ្សារភ្ជាប់​ទៅនឹង​ការប្រកាន់​ខ្ជាប់​ក្បួន​អនាម័យ​ស្អាត​ក្នុង​បរិបទ​កូ​វីដ​១៩ ក្រោម​ទិស​ស្លោក «​ស្អាត​ជា​ទម្លាប់​ថ្មី​» ។​


​ក្នុងនោះ គម្រោង​ទស្សនាទាន «​សាលា​បរិស្ថាន​ស្អាត​» នៃ​យុទ្ធនាការ ភ្នំពេញ​ស្អាត ឆ្នាំ​២០២០ ដែលជា​ផែនការ​សកម្មភាព​មួយ​របស់​គម្រោង​ស្អាត ត្រូវបាន​រៀបចំឡើង​ដោយមាន ការសហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​។​ការប្រកួតប្រជែង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​យុវជន​បង្គោល​ស្អាត​ដែលជា​សិស្សានុសិស្ស​គំរូ​និង​ឆ្នើម​ប្រមាណ ៨០​រូប ជ្រើស​ចេញពី​វិទ្យាល័យ ចំនួន​១៦ នៅ​ក្នុង​​រាជធានី​ភ្នំពេញក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំអនាម័យនិង​បរិ​ស្ថាន​ស្អាត​នៅ តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​ឯកជន​នានា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យុទ្ធ​នាការ​ភ្នំពេញ​ស្អាត ក៏មាន​នូវ​សកម្មភាព​មួយចំនួនទៀត​ដូចជាការបញ្ជ្រាប​សារ​តាម​រយៈ​ការថត​វីដេអូ​ខ្លីៗ​នៅក្នុង​បណ្តាញ​សង្គម ការធ្វើ​បទសម្ភាសន៍​នៅតាម​បណ្តា​ស្ថា​នីយទូរទស្សន៍​នានា ការថត​វីដេអូ “​មោទនភាព​ខ្ញុំ​ស្អាត​” ដោយមាន​ការចូលរួម​ពី សិល្បករ សិល្បការិនី បុគ្គល​ល្បីៗ សិស្ស​-​និស្សិត ជាច្រើនរូប និង​ការថត​ខ្សែ​ភាព​យន្ត​ភាគ​ខ្លីៗ ព្រមទាំង​ការ បំផុស​កិច្ចសហប្រតិបត្តិការ​និង​ការចូលរួម​ពី​ស្ថាប័នរដ្ឋ​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​អភិវឌ្ឍ តាមរយៈ​ការ​ជំរុញ​ការទទួលយក​ទស្សនាទាន “​ស្អាត​”​។​ល​។

​លោកស្រី ជា ផល្លា បាន​បាន​លើកឡើងថា​៖ យុទ្ធនាការ​ភ្នំពេញ​ស្អាត នៃ​គម្រោង​ស្អាត ទទួលបាន​នូវ​សំឡេងគាំទ្រ និង ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ការគាំទ្រ​យ៉ាង​ផុសផុល​នេះ​ជា​សក្ខីកម្ម​ស​បញ្ជាក់​ឱ្យឃើញ​យ៉ាង​ប្រាកដ​ពី​ស្មារតី​នៃ​ការទទួលខុសត្រូវ ការស្រឡាញ់ ការចូល​រួម​សម្អាត ការថែរក្សា បរិស្ថាន​ក្នុង​បុព្វហេតុ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង អនាម័យ និង​សុខភាព​សាធារណៈ ដែលជា​ក្តី សង្ឃឹម​យ៉ាង​មុតមាំ​ក្នុងការ​ឈាន​ទៅរក កម្ពុជា​គ្មាន​សំរាម​រាយ​ថ្វាយ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​គម្រោង​ស្អាត​ឆ្នាំ​២០២០ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋ​សភា ​និង ​ជា​សហ​ស្ថាបនិក​គម្រោង​ស្អាត បាន​មានប្រសាសន៍ថា​៖​យុទ្ធនាការ​ភ្នំពេញ​ស្អាត​នេះ បាន​កើតឡើង​ស្របទៅតាម​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សម្រាម​និង​កាកសំណល់​រឹង​ព្រមទាំង​គោ​លន​យោ​យ​បាយ​លើកកម្ពស់​បរិស្ថាន​។​
​លោក​បាន​គូសបញ្ជាក់ថា​៖«​យុទ្ធនាការ​នេះ​ជាការ​ចូលរួមចំណែក​ក្នុង​ការខិតខំ​ប្រឹង​ប្រែង​លើកកម្ពស់​អនាម័យ និង​បរិស្ថាន​ស្អាត​ក៏ដូចជា​ជំរុញ​ការយល់ដឹង​ពី​ការ​ទុក​ដាក់​សម្រាម​និង​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ​សាលារៀន​និង​ង​ផ្ទះសម្បែង​»​។​


​លោក​បាន​បន្តថា​៖«​គម្រោង​ភ្នំពេញ​ស្អាត​និង​គម្រោង​ទស្សនាទាន​ប្រកួត​ពានរង្វាន់​សាលា​បរិស្ថាន​ស្អាតមាន​សារៈសំខាន់​ក្នុងការ​ចូលរួម​លើកទឹកចិត្ត​បំផុសស្មារតី​សិ​ស្សានុសិស្ស ការផ្តួចផ្តើម​គំនិត​ច្នៃប្រឌិត ភាពជា​ម្ចាស់ការ ក្នុងការ​ទុកដាក់​សម្រាម​​ឱ្យបាន​ត្រឹមត្រូវ សំដៅ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង ទីសាធារណៈ ស្ថាប័ន​អប់រំ និង​ផ្ទះសម្បែង​»​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា​៖ ពាក្យស្លោក​«​ស្អាត​ជា​ទម្លាប់​ថ្មី​»​នៃ​យុទ្ធនាការ​ស្អាត​ឆ្នាំ​២០២០​នេះ បាន​ចូលរួម​ជាមួយ​កិច្ចខិតខំ​ប្រឹង​ប្រែង​​របា​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​និង​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​បង្ការ​និង​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទៅក្នុង​សហគមន៍​និង​ជាការ​ដាស់តឿន​ឱ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ខ្លួន​ការពារ​ការឆ្លង​ពី​មេរោគ​នេះ​តាមរយៈ​ការ​អនុ​វត្ត​ទម្លាប់​អនាម័យ​ស្អាត ការរស់នៅ​ស្អាត​ជាប្រចាំ​និងបរិស្ថាន​ស្អាត​។​

លោក​រដ្ឋលេខា​បាន​បន្ថែមថា​៖​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​នេះ បាន​ចូលរួមចំណែក​នៅក្នុង​កា​រប​ណ្តុះ​ស្មារតី ក​ស្រឡាញ់​បរិស្ថាន ក៏ដូចជា​ពញ្ញាក់​អារម្មណ៍ និង​ផ្លាស់ប្តូរ​ឥរិយាបទ​ប្រជាពលរដ្ឋពិសេស​យុវជន ឱ្យ​យកចិត្តទុក​​ដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​៕Ph

​ ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular