ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសុក្រទី២៧វិច្ឆិកាថា លោកចូ បៃដិនអាចចូលក្នុងសេតវិមានបានលុះត្រាតែគាត់អាចបញ្ជាក់ថាសន្លឹកឆ្នោតរបស់គាត់មិនមែន “ក្លែងបន្លំ”។
នេះជាជំហានថយក្រោយមួយពីការសារភាពកាលពីថ្ងៃព្រហស្បតិ៍ថាគាត់នឹងប្រគល់លំនៅដ្ឋានប្រធានាធិបតីឱ្យទៅគូប្រជែងបក្សប្រជាធិបតេយ្យរបស់គាត់នៅក្នុងការផ្ទេរអំណាចដោយសន្តិវិធី បើបៃ ដិន ទទួលបានការគាំទ្រពីអង្គបោះឆ្នោតពិតមែន។
លោកត្រាំបានសរសេរលើ Twitter ថា “បៃដិនអាចចូលសេតវិមានក្នុងនាមជាប្រធានាធិបតីបានលុះត្រាគាត់អាចបញ្ជាក់ថាសន្លឹកឆ្នោត៨០.០០០.០០០គួរឱ្យអស់សំណើចរបស់គាត់មិនត្រូវបានក្លែងបន្លំឬទទួលបានដោយខុសច្បាប់។ នៅពេលដែលអ្នកឃើញអ្វីដែលបានកើតឡើងនៅទីក្រុងដេត្រយ ទីក្រុងអាត្លង់តា ទីក្រុងហ្វីឡាដែលហ្វៀ និងទីក្រុងមីលវូគី គឺមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន ចឹងគាត់មានបញ្ហាធំមិនអាចដោះស្រាយបានទេ!”។
លោកត្រាំបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនោះទេ ត្បិតលោកបៃដិននាំមុខយ៉ាងសម្បើមនៅក្នុងការបោះឆ្នោតរបស់ប្រជាជនអាម៉េរិកទូទៅនិងការបោះឆ្នោតដោយអង្គតំណាង។ មេដឹកនាំបរទេសជាច្រើនបានទទួលស្គាល់លោកបៃដិនជាប្រធានាធិបតីជាប់ឆ្នោត ហើយបានទូរស័ព្ទអបអរសាទរគាត់ រីឯមេដឹកនាំអាជីវកម្មកំពូលៗក៏អបអរដែររួមទាំងអ្នកខ្លះដែលជិតស្និទ្ធនឹងលោកត្រាំ។
លើសពីនេះយុទ្ធនាការរបស់ប្រធានាធិបតីមិនបានបង្ហាញភស្តុតាងនៃការលួចបន្លំសន្លឹកឆ្នោតនោះទេ។ មន្ត្រីប្រចាំរដ្ឋនីមួយៗក៏បាននិយាយដែរថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន។បណ្តឹងផ្លូវច្បាប់របស់លោកត្រាំក៏មិនអាចធ្វើអ្វីបាននោះដែរ។ ការរាប់សន្លឹកឆ្នោតដោយដៃនៅរដ្ឋចចចៀបានបញ្ជាក់អំពីការឈ្នះរបស់លោកបៃដិននៅទីនោះ។
លោកត្រាំបន្តសរសេរលើ Twitter ទៀតថា “បៃដិនអន់នៅទីក្រុងធំៗ (យោងតាមវេបសាយ Politico) លើកលែងតែទីក្រុងដេត្រយ (មានសន្លឹកឆ្នោតច្រើនជាងចំនួនមនុស្ស) ទីក្រុងហ្វីឡាដែលហ្វៀ ទីក្រុងអាត្លង់តា និង ទីក្រុងមីលវូគី កន្លែងដែលគាត់ត្រូវតែឈ្នះដាច់ខាត។ គ្មានអីភ្ញាក់ផ្អើលទេទីក្រុងទាំងនេះស្ថិតនៅទីតាំងរដ្ឋសំខាន់ៗបំផុតហើយគេល្បីជាយូរមកហើយថាជាកន្លែងពុករលួយខាងនយោបាយ”។
គេមិនច្បាស់ទេថាតើអត្ថបទរបស់ Politico មួយណាដែលលោកប្រធានាធិបតីចង់សំដៅ ប៉ុន្តែអត្ថបទមួយរបស់គេហទំព័រព័ត៌មាននេះដែលផ្សាយក្នុងខែវិច្ឆិកានេះ បានរាយការណ៍ថាលោកត្រាំធ្វើបានល្អប្រសើរជាងការរំពឹងទុកនៅតាមតំបន់ទីក្រុង ទោះបីលោកបៃដិននៅតែឈ្នះនៅទីក្រុងទាំងនោះក្តី៕