ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖រាជរដ្ឋាភិ បាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺអេដស៍ជាអាទិភាពខ្ពស់ព្រោះមេរោគអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះនៅក្នុងសារលិខិតទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២០ ។ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមប្រធានបទ«សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា» ។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថាអត្រាមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ ដល់៤៩ឆ្នាំ បានថយចុះពី០,៨ភាគរយនៅឆ្នាំ២០១០មកនៅត្រឹម០,៥ភាគរយនៅឆ្នាំ២០១៩ ។ ក្នុងចំណោមនោះចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះពី ចំនួនប្រមាណ២៣០០នាក់នៅឆ្នាំ២០១០មកនៅត្រឹមចំនួនប្រមាណ១៣០០នាក់ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះចំនួនអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣០០០នាក់ក្នុងនោះ៨៤ភាគរយបានធ្វើតេស្តឈាមដឹងពិតប្រាកដថាបានផ្ទុកមេរោគអេដស៍១០០ភាគរយបានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគ អេដស៍និង ៩៦ ភាគរយទទួលបានប្រសិទ្ធភាពនៃការព្យាបាលនាំឱ្យមានសុខភាពល្អ ។ ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យបានថយចុះពីចំនួនប្រមាណ ១៩០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ៧៨០ នាក់នៅឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ សមិទ្ធផលទាំងនេះកំពុងតែបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាព និង គុណភាពខ្ពស់នៃកិច្ចអន្តរាគមន៍ របស់យើងក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ដើម្បីឈានទៅសម្រេចបានគោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥គឺ៥ឆ្នាំមុនកាលកំណត់ របស់អង្គការសហប្រជាជាតិ ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថាយើងមិនត្រូវស្កប់ស្កល់ជាមួយជោគជ័យដែលយើងទទួលបាននោះឡើយព្រោះថាចាប់តាំងពីមានការរាតត្បាតមេរោគអេដស៍ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០មករហូតមកដល់ពេលនេះពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬ ឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយជាស្ថាបពរនៅឡើយទេ។ ម្យ៉ាងទៀតនៅកម្ពុជាយើងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២០០០ នាក់ នៅមិនទាន់បានត្រឡប់មកធ្វើតេស្តឈាមដើម្បីបញ្ជាក់ពិតប្រាកដអំពីស្ថានភាព មេរោគអេដស៍នៅក្នុងខ្លួននោះទេ ។ អ្នកជំងឺអេដស៍មួយចំនួនទៀតបាននិងកំពុងលះបង់ការព្យាបាលឡើងវិញ ។ ជាមួយគ្នានោះប្រជាជនគន្លឹះដូចជាក្រុមបុរសរួម ភេទជាមួយបុរស ក្រុមបំប្លែងភេទស្ត្រីបម្រើសេវាកម្សាន្តសប្បាយមានចំនួនកើនឡើងនិងមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ដែលអាចនាំឱ្យមានការចម្លងមេរោគអេដ ស៍ទៅប្រជាពលរដ្ឋទូទៅទៀតផង ។
នៅចំពោះមុខហានិភ័យនៃការរីករាលដាលឡើងវិញនៃជំងឺអេដស៍សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្ដងទៀតដល់ជនរួមជាតិឱ្យខិតខំទប់ស្កាត់មេរោគ អេដស៍និងជំងឺអេដស៍ដោយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងចរន្តជាតិតែមួយឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ខាងមុខដោយជោគជ័យ។ ការចូល រួមទាំងនោះរួមមានការធ្វើតេស្តឈាមរកមេរោគអេដស៍ការប្រើប្រាស់ស្រោមអនាម័យឱ្យបានទូលំទូលាយការមិនរើសអ្នកផ្ទុកមេរោគអេដស៍និងការជួយឧបត្ថម្ភគាំទ្រអ្នកផ្ទុកមេរោគអេដស៍ដែលជាជនក្រីក្រជាដើម។
សម្តេចតេជោ ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចសម្រេចបានគោលដៅនេះបានដោយសារកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍របស់យើងឈរលើមូលដ្ឋាន៣ដូចជា៖១.ភាពម្ចាស់ការនិងភាពជាអ្នកនាំមុខ៖រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំគ្រប់គ្រងនិងសម្របសម្រួលការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដោយផ្ទាល់ និងយ៉ាងសកម្ម។២.ភពជាដៃគូ៖រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនិងដោយប្រសិទ្ធភាពជាមួយដៃគូទាំងអស់រួមមានប្រទេសផ្តល់ជំនួយអង្គការអន្តរជាតិ មានចាអាទិ៍ អង្គការសុខភាពពិភពលោក(WHO) ,កម្មវិធីរួមអង្គការសហប្រជាជាតិទទួលបន្ទុកការងារអេដស៍(UNAIDS),មូលនិធិសកល(Glo bal Fund) និងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និង អន្តរជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលនៃមេរោគអេដស៍នៅកម្ពុជា។ ៣.ការវិនិ យោគ៖ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ពិភពលោកបានចំណាយទុនរាប់លានដុល្លារ។ជាក់ស្តែងពីឆ្នាំ២០២១ដល់២០២៣រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាបដិភាគចំនួន ១៩.៦៥លានដុល្លារដែលក្នុងនោះមានថវិកាចំនួន ១១ លានដុល្លារសម្រាប់ទិញឳសថព្យាបាលអ្នកជំងឺអេដស៍ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឧទ្ទិសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២០ក្រោមប្រធានបទ«សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា»ឱ្យក្លាយជាចរន្តជាតិដ៏ធំធេងមួយដើម្បីឈានទៅសម្រេចគោល ដៅ ៣ គឺគ្មានអ្នកឆ្លងថ្មី គ្មានអ្នកស្លាប់ដោយសារជំងឺអេដស៍និងគ្មានការរើសអើងអ្នកផ្ទុកមេរោគ អេដស៍និងអ្នកជំងឺអេដស៍៕