ដោយៈ ជា សីហៈ / ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ ” ម្រេចកំពត ” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper ដល់សមាគមលើកកម្ពស់ ម្រេចកំពត ខេត្តកំពត កាលពីថ្ងៃម្សិលមិញ ។
ពិធីនេះ ក៏មានការចូលរួមពី លោក ស្តេប៉ាន វូណារ ( Stěpán Vojnár) ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ អភិបាលខេត្តកំពត មន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំងផលិតករម្រេចកំពតជាច្រើនរូប។
លោករដ្ឋមន្ត្រី បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន EU Land and Pepper Investment ដែលបន្តគាំទ្រ និងជាពិសេស សហការរៀបចំពិធី ប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងបញ្ជាទិញ ” ម្រេចកំពត ” ក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដែលជាសកម្មភាព ដ៏សំខាន់ មិនអាចកាត់ថ្លៃបាន ព្រោះបានចូលរួម ក្នុងការសម្រួលបន្ទុក និងកាត់បន្ថយបញ្ហាប្រឈម ដែលផលិតករម្រេចកំពត កំពុងជួបប្រទះ។
លោករដ្ឋមន្ត្រី បានស្នើសុំ និងលើកទឹកចិត្ត ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករ ម្រេចកំពតទាំងអស់ ឱ្យបន្តសហការ និងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់ ម្រេចកំពតកម្ពុជា និងបានផ្តល់អនុសាសន៍ មួយចំនួន សំដៅលើកកម្ពស់ ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃ ផលិតផលសម្គាល់ភូមិសាស្ត្រ ” ម្រេចកំពត ” ដើម្បីបង្កើនទំនុកចិត្ត ចំពោះអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែម តាមរយៈការរៀបចំ សន្និសីទប្រចាំឆ្នាំ ជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការអនុវត្តច្បាប់ ដើម្បីលុបបំបាត់ និងទប់ស្កាត់ការក្លែងបន្លំទំនិញ សម្គាល់ភូមិសាស្ត្រ ” ម្រេចកំពត ” ។
លោករដ្ឋមន្ត្រី បានបន្តថាៈ ការជ្រើសរើស និងចុះបញ្ជី ” ម្រេចកំពត ” ជាម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០ ដែលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨ គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះ ចំនួន ១០ ហិកតា ដែលអាចប្រមូលទិន្នផលបានតែ ១០ តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ ២០២០ នេះ មានផលិតករ សរុបចំនួន ៤៥៥ គ្រួសារ ក្រុមហ៊ុនចំនួន ៣៨ និងផ្ទៃដីដាំដុះ កើនឡើងដល់ ២៩០ ហិកតា ដែលអាចប្រមូលទិន្នផល បានរហូតដល់ចំនួន ៨២,៧៨ តោន និងមានទីផ្សារនាំចេញ ទៅប្រទេស នៅទ្វីបអាស៊ី និង អឺរ៉ុប ដោយម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ” ម្រេចកំពត ” ត្រូវបានទទួលការចុះបញ្ជី ជាបន្តបន្ទាប់ នៅក្នុងតំបន់ និងសកលលោក ហើយទទួលបាន ការការពារ នៅប្រទេសថៃ វៀតណាម និងសហភាពអឺរ៉ុប ហើយថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានជួយសម្របសម្រួល ដាក់ពាក្យស្នើសុំចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ” ម្រេចកំពត ” ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង ទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ៕/V
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ ” ម្រេច ” កំពត