ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹង នៅព្រលប់ថ្ងៃនេះថា នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ មានករណីសង្ស័យពុលស្រា ស បានកើតឡើងក្នុងចំណោមអ្នក ដែលបានធូរស្រាល ពីការពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពួកគេបានទៅចូលរួម ពិធីបុណ្យសព ដែលបានស្លាប់ម្នាក់ ក្នុងហេតុការណ៍ សង្ស័យពុលទឹក។ ក្នុងពិធីបុណ្យសព មានការបរិភោគស្រា ស បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងច្រើននាក់ បញ្ជូនទៅមន្ទីរពេទ្យ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថាៈ គិតត្រឹមម៉ោង ៦ យប់ ថ្ងៃទី២៨ វិច្ឆិកានេះ នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង មានអ្នកមានអាការៈពុល ១១ នាក់ និងនៅមណ្ឌលសុខភាព អភិវឌ្ឍន៍ មានបុរសចំនួន ២២ នាក់ កំពុងសង្គ្រោះបឋម។ មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការៈពុលធ្ងន់ ចំនួន ៤ នាក់ មកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ សរុប ៣៤ នាក់ បានកំពុងជួយសង្គ្រោះ ។
លោកស្រី បានបន្តថាៈ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ក្រុមការងារ ដឹកនាំដោយលោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល រួមដំណើរដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសុខាភិបាល ធ្វើដំណើរចុះជួយពិនិត្យ និងអន្តរាគមន៍ជួយជាបន្ទាន់ ដោយតម្រូវឲ្យធ្វើដំណើរ ទាំងយប់នេះ និងបានពិភាក្សា ជាមួយអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ឈប់ការលក់ និងចែកចាយ ស្រា ស នោះ ជាបន្ទាន់។
អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំពិសាស្រា ស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ជីវិត៕/V
ផ្ទួនៗគ្នា បន្ទាប់ពីពុលថ្នាំបាញ់ឪឡឹក ! ឥឡូវ ពុលស្រា ស ស្លាប់ម្នាក់ និងច្រើននាក់ សង្គ្រោះបន្ទាន់
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំពិសាស្រា ស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ
គ្រូពេទ្យ កំពុងជួយសង្គ្រោះជនរងគ្រោះ ក្នុងករណីសង្ស័យពុលស្រា ស
គ្រូពេទ្យ កំពុងជួយសង្គ្រោះជនរងគ្រោះ ក្នុងករណីសង្ស័យពុលស្រា ស
គ្រូពេទ្យ កំពុងជួយសង្គ្រោះជនរងគ្រោះ ក្នុងករណីសង្ស័យពុលស្រា ស