ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបដិសេធចំពោះការចោទប្រកាន់របស់អ្នកស្រី សេង ធារី ។លោកថានេះការចោទប្រកាន់មួលបង្កាច់បរិហាកេរ្តិ៍ជាសាធារណៈនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ ទី២៦ខែវិច្ឆិកា។រដ្ឋាភិបាលកំពុងតែពិនិត្យមើលផ្លូវច្បាប់លើករណីនេះពោលគឺអាចប្រឈមនឹងវិធានការច្បាប់នៅកម្ពុជា ឬបណ្តេញចេញពីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន
លោកផៃ ស៊ីផាន បានប្រាប់រស្មីកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើអំពើស្មោគគ្រោកដូចជាការចោទ ប្រកាន់របស់អ្នកស្រី សេង ធារី នោះទេ ។នេះគឺជាការមួកបង្កាច់បរិហាកេរ្តិ៍ជាសាធារណៈរួចស្រេចទៅហើយ។ លោកបានលើកជាសំណួរថា អ្នកស្រី សេង ធារី ប្រើប្រាស់ពាក្យសំដីនៅក្នុងនាមជាអ្វី ?ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ? ឬក្នុងនាមជាប្រជាពលរដ្ឋសហរដ្ឋអាម៉េរិក ? ។រឿងនេះ គួរឲ្យពិចារណាតទៅទៀត។បើក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺសម្រេចទៅតាមនីតិវិធីខ្មែរ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ការចោទប្រកាន់របស់អ្នកស្រី សេង ធារី មិនមែនជាការសម្តែងមតិឬសិទ្ធិសេរីភាពក្នុងការ និយាយស្តីទេ គឺប៉ះពាល់ដល់សន្តិសុខជាតិ។ ចាំមើលអ្នកស្រី សេង ធារី និយាយនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក្នុងនាមជាប្រជាពលរដ្ឋអាម៉េរិកគឺមានសារសំខាន់ណាស់។គាត់និយាយកកូរកកាយអុកឡុក,និយាយញុះញង់បង្កើតភាពចលាចលនៅក្នុងប្រទេសកម្ពុជា។បើនិយាយនៅក្នុងន័យប្រជាពលរដ្ឋខ្មែរ គឺតុលាការនឹងចាត់ចែងតាមនឹង។ បើក្នុងនាមជាប្រជាពលរដ្ឋបរទេស គឺកម្ពុជាអាចប្រើប្រាស់សិទ្ធិនៅក្នុងការបណ្តេញចេញពីកម្ពុជា៕សរន
អ្នកស្រី សេង ធារីពេលថ្លែងនៅខាងមុខតុលាការ