ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រសួងសុខាភិបាលកំពុងតែសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីពិនិត្យរកមេរោគកូវីដ១៩ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ខែវិច្ឆិកា នៅក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំនេះក៏មានវត្តមានលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ។
កិច្ចប្រជុំកាលពីថ្ងៃទី២៤ខែវិច្ឆិកា គឺដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង(រូបឯកសារ)
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ខែវិច្ឆិកា គឺដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយលើកលែងទោស។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិរួមទាំងមន្ត្រីជាន់ខ្ពស់ សំខាន់ៗមួយចំនួនទៀត។
ផ្សារអ៊ីអន១ឬអ៊ីអនភ្នំពេញត្រូវបានបិទជាបណ្តោះអាសន្នក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩លើខ្លួនស្ត្រីម្នាក់ដែលបានចូលទៅកាន់ផ្សារនេះដើម្បីញ៉ាំអាហារនិងទិញឥវ៉ាន់មួយចំនួន។នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីបានបញ្ជាក់ថា ស្ត្រីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា នេះបន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យហើយភ្លាមៗនេះក្រសួងសុខាភិបាលក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ដើម្បីយកមកធ្វើតេស្តនិងធ្វើចត្តាឡីស័កផងដែរ។ស្ត្រីរូបនេះគឺជាភរិយាររបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោកស្រីបានបញ្ជាក់ថាការសម្រេចបិទផ្សារអ៊ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។
បើតាមសារសំឡេងរបស់មន្ត្រីក្រសួងសុខាអភិបាលដែលត្រូវបានចែកចាយតាមសារអេឡិចត្រូនិកនៅយប់នេះបានឲ្យដឹងថានៅថ្ងៃទី២៨ខែវិច្ឆិកានេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២នាក់ក្នុងនោះមានម្នាក់ជាភរិយាមន្ត្រីម្នាក់នៃក្រសួងមហាផ្ទៃ ដោយមានរោគសញ្ញា១០ថ្ងៃមកហើយ ស្នាក់នៅបុរីប៉េងហ៊ួតផ្លូវ៦០ ម៉ែត្រ។ ស្ត្រីរូបនោះបានទៅផ្សារអ៊ីអន១និងបានធ្វើដំណើរឡើងចុះទៅខេត្តសៀមរាបហើយបានធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺមានវិជ្ជមានកូវីត១៩។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកាកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់៕សរន