ដោយៈមុនីរ័ត្ន,គូលែន/ភ្នំពេញៈនៅរាត្រីថ្ងៃទី២៨ខែវិច្ឆិកានេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវសម្រាប់ប្រជាពលរដ្ឋកុំមានការឆោឡោភ័យខ្លាចរហូតទៅដល់ការបាត់បង់នូវការគ្រប់គ្រងប៉ុន្តែសម្តេចស្នើឲ្យប្រជាពលរដ្ឋបង្កើននូវការយកចិត្តទុកដាក់អនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេសថា ថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញករណីមួយទៅលើភរិយារបស់អគ្គនាយកពន្ធនាគារដែលមានការកើតនៅ covid 19 ។ នេះជាករណីដំបូងបំផុតដែលយើងអាចចាត់ទុកថាជាការឆ្លងក្នុងសហគមន៍ហើយមានការពាក់ព័ន្ធជាមួយនឹងទីក្រុងភ្នំពេញ ខេត្តសៀមរាប ហើយនិងអាចឈានទៅដល់ខេត្តបន្ទាយមានជ័យខេត្តមណ្ឌលគិរី ។ ក្នុងស្ថានភាពបែបនេះរាជរដ្ឋាភិបាលបានប្រកាន់យកវិធានការបន្ទាន់ដោយធ្វើការប្រមូលផ្តុំអ្នកដែលជាប់ពាក់ព័ន្ធទាំងផ្តល់ទាំងប្រយោល ដើម្បីឱ្យធ្វើចត្តាឡីស័ក ក៏ដូចជាយកសំណាកទៅពិនិត្យ។ ដោយឡែកនៅទីក្រុងភ្នំពេញមានថ្នាក់ឧបនាយករដ្ឋមន្ត្រីគឺសម្ដេចក្រឡាហោមសខេង ឧត្តមប៊ិន ឈិន ឯកឧត្តម កើត រិទ្ធ ក៏ដូចជាមេដឹកនាំមួយចំនួនទៀតទៅបានប្រជុំជាមួយគ្នា ចាំបាច់ត្រូវធ្វើចត្តាឡីស័ក ហើយក៏ត្រូវធ្វើការធ្វើតេស្តដោយមត់ចត់ ក្នុងចំណោមនោះ អាចមានទាំងក្រុមគ្រួសារផងដែរ។
សម្តេចតេជោបន្តថា ចំពោះផ្សារអីអន១ សូមអធ្យាស្រ័យដោយសារតែមានការចាំបាច់ដើម្បីនឹងការបិទក្នុងមួយរយៈពេលខ្លី ដើម្បីត្រួតពិនិត្យអ្នកដែលមានការពាក់ព័ន្ធ។
ជាមួយគ្នានេះសម្តេចតេជោសុំអំពាវនាវសម្រាប់ប្រជាពលរដ្ឋកុំមានការឆោឡោភ័យខ្លាចរហូតទៅដល់ការបាត់បង់នូវការគ្រប់គ្រងប៉ុន្តែសម្តេចស្នើឲ្យប្រជាពលរដ្ឋរបស់យើងបង្កើននូវការយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងការការពារខ្លួនតាមរយៈការពាក់ម៉ាស់តាមរយៈការលាងដៃការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងករណីទៅនឹងការសង្ស័យទៅរកការបញ្ជាក់ពីគ្រូពេទ្យឲ្យបានឆាប់។
សម្តេចតេជោសុំឲ្យបង្កើននូវការប្រុងប្រយ័ត្នដើម្បីការពារខ្លួននៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយបើអាចចៀសវាងបានសុំឲ្យចៀសវាងកុំធ្វើការប្រមូលផ្តុំណាមួយ។ សម្តេចមិនមានការអំពាវនាវដើម្បីបិទសាលារៀននៅទីក្រុងភ្នំពេញឬខេត្តសៀមរាប ឬខេត្តដែលមានការពាក់ព័ន្ធទេ ។អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនៅការពាក់ម៉ាស នៅការលាងដៃ នៅការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ យើងត្រូវទុកឲ្យដំណើរការទៅធម្មតាតាមគន្លងថ្មីដែលរាប់ទាំងសាលារៀនផងដែរ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងនិងយល់ដល់សភាពការនេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវត្តន៍នៃសភាពការណ៍ទាំងអស់ដែលក្រសួងសុខាភិបាលនឹងផ្នែកពាក់ព័ន្ធរាយការណ៍ឲ្យខ្ញុំជាបន្តបន្ទាប់។
ឥឡូវនេះបើទោះបីជាបញ្ហានេះបានកើតនៅទីក្រុងសៀមរាប ក៏ខ្ញុំកំពុងឋិតនៅក្នុងសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើតនូវការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធីដែលបានគ្រោងទុកសម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនិងការកែលម្អនៅដងស្ទឹងសៀមរាបផង នោះទេ។ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើការការពារខ្លួន។ប្រសិនបើគ្មានការចាំបាច់ទេសូមកុំចេញក្រៅផ្ទះ។ នៅក្នុងផ្ទះ ដើម្បីងាយស្រួលឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យ ទៅលើបញ្ហាទាំងឡាយ។ ឯអ្នកដែលត្រូវធ្វើចត្តាឡីស័កក៏ត្រូវធ្វើឲ្យបានម៉ត់ចត់ចៀសវាងនិងការសេាយភាយទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងជំនះបាននូវការលំបាកនៅក្នុងកាលៈទេសៈមិនស្មោះមិនទាន់ច្បាស់លាស់នេះការដែលយើងយកវិធានការនេះគឺជាការដែលយើងខិតខំចៀសវាងឲ្យខានតែបានទៅនឹងការរីករាលដាលទៅក្នុងសហគមន៍។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងមានការយោគយល់ចំពោះសភាពការណ៍នេះ។ ថ្នាក់ឧបបនាយករដ្ឋមន្ត្រីថ្នាក់រដ្ឋមន្ត្រីរដ្ឋលេខាធិការ និងមន្ត្រីមួយចំនួនរាប់ទាំងអភិបាលក្រុងសៀមរាបក៏បាននឹងកំពុងធ្វើចត្តាឡីស័កផងដែរ ដែលទើបតែដឹងថា មានការពាក់ព័ន្ធនឹងទទួលទានអាហារជាមួយនឹងឪពុកដែលបានទាក់ទងជាមួយនឹងអគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់ ដូច្នេះគ្រាន់តែពាក់ព័ន្ធបែបនេះ ឪពុកបានធ្វើដំណើរមកសៀមរាបក៏ត្រូវឲ្យកូននៅសៀមរាបដែលជាអភិបាលក្រុងសៀមរាបធ្វើចត្តាឡីស័កផងដែរ ក៏ដោយគឺជាវិធានការដែលយើងប្រកាន់យក មានតែវិធានការនេះទេដែលអាយយកឈ្នះកូវីដ១៩ ដែលអាចចាត់ទុកថាជាករណីដំបូងបំផុតក្នុងការឆ្លងចេញពីសហគមន៍ ដែលមិនទាន់ដឹងច្បាស់ថា តើភរិយារបស់អគ្គនាយកពន្ធនាគារបានឆ្លងពីអ្នកណា និងបានចម្លងទៅអ្នកណាខ្លះទៀត ៕សរន