អូស្ត្រាលី​សន្យា​បន្ត​ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​នាវា​របស់ខ្លួន​ប្រឈម​មុខ​ជាមួយ​យោធា​ចិន​

1155
ចែករម្លែក

​នាវាចម្បាំង​អូស្ត្រាលី​បាន​ប្រឈម​មុខ​ជាមួយ​យោធា​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃអាទិត្យ​ទី​១៥​មេសា នេះ​បើ​តាម​សារព័ត៌មាន​ABC​អូស្ត្រាលី​បាន​រាយការណ៍​​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​។​

​ក្រសួង​ការពារជាតិ​អូស្ត្រាលី​បាន​អះអាងថា នាវា​របស់​ខ្លួន​បី​បាន​បើក​ទៅ​កាន់​ក្រុង​ហូ​ជី​មី​ញ​របស់​វៀតណាម​កាលពី​ពេល​ថ្មីៗ និង​នៅតាម​ផ្លូវ​បាន​ជួប​នាវា​ចិន​។​នាវា​Anzac, Toowoomba និង Success ត្រូវ​បញ្ជូន​មក​អាស៊ីអាគ្នេយ៍​៣​ខែ សំរាប់​ដំណើរ​ទស្សនកិច្ច​និង​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។​

ABC​បាន​និយាយ​យោងតាម​សម្តី​របស់​មន្ត្រី​អូស្ត្រាលី​ម្នាក់​ដែល​ថា ការ​ឆ្លើយឆ្លង​សម្តី​គ្នា​រវាង​នាវិក​នៃ​នាវា​យោធា​រវាង​ប្រទេស​ទាំង​ពីរ​” សុភាព តែ​រ៉ឹង​ប៉ឹង​”​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារ​ជាតិចិន​បាន​និយាយថា របាយការណ៍​ក្នុង​សារព័ត៌មាន​អូស្ត្រាលី​”​មិន​ដូច​ការ​ពិត​ទេ​។​ភាគី​នាវា​ចិន​បាន​ប្រើ​ពាក្យសម្តី​ប្រកបដោយ​វិជ្ជា​​ជីវៈ​ដើម្បី​ទាក់ទង​ទៅ​ខាង​អូស្ត្រាលី ហើយ​ប្រតិបត្តិការ​របស់​នាវា​ចិន​ស្របច្បាប់ ស្រប​តាម​វិជ្ជាជីវៈ​និង​សុវត្ថិភាព​”​។​

​ចិន​ទើប​បញ្ចប់​សមយុទ្ធ​ទ័ពជើងទឹក​ដ៏​ធំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កន្លែង​ដែល​ចិន​អះអាង​កម្មសិទ្ធិ​ត្រួត​គ្នា​ជាមួយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​និង​ព្រុយ​ណេ​។​កោះ​​តៃវ៉ាន់​ក៏​អះអាង​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះ​ដែរ​។​

​ជុំវិញ​ហេតុការណ៍​នេះ ក្រសួង​ការពារជាតិ​អូស្ត្រាលី​បាន​និយាយថា “​ដូច​ពួកគេ​បាន​ធ្វើ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ នាវា​និង​យន្តហោះ​អូស្ត្រាលី​នឹង​បន្ត​អនុវត្ត​សិទ្ធិ​​នៅក្រោម​ច្បាប់​អន្តរជាតិ​ក្នុងការ​ធ្វើ​នាវាចរណ៍​និង​ហោះ​រំលង​ដោយ​សេរី រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង​”៕

​​នាវា​អូស្ត្រាលី​ធ្វើដំណើរ​មក​កាន់​វៀតណាម​និង​ចត​នៅ​កំពង់ផែ​សាយ​ហ្គ​ន​នៃ​ក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​១៩​មេសា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ