Home ព័ត៌មានជាតិ សុខាភិបាល ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៧​នាក់ ក្នុងនោះ​៦​នាក់​ជាប់​ពាក់ព័ន្ធ​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ និង​ម្នាក់ទៀត​មកពី​អាមេរិក​

ដោយ​: សុផល / ភ្នំពេញ​: សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​៧​នាក់ ដែល​ក្នុងនោះ​មាន​៦​នាក់​ជា​ក្រុមគ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ក្រសួងមហាផ្ទៃ និង​ម្នាក់ទៀត​ជា​អ្នកដំណើរ​មកពី​អាមេរិក​។​

​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស ពី​ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ ដែល​ម្នាក់​ជា​បុរស​ជនជាតិខ្មែរ ដែល​ធ្វើដំណើរ​មកពី​អាមេរិក និង​ម្នាក់ទៀត គឺជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណៈប្រតិភូ​ហុង​គ្រី ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូម​ជម្រាប​ផងដែរ​ថា​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ក្រុមគ្រូពេទ្យ​ដាក់ពង្រាយ​៥​ក្រុម នៅ​ផ្សារ​អ៊ី​អន​, គេហដ្ឋាន​សម្តេច​ក្រឡា​ហោ ស ខេង​, ក្រសួងមហាផ្ទៃ ពន្ធនាគារ​ព្រៃ​ស និង​នៅ​ខេត្តសៀមរាប ព្រមទាំង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​។​

​សូមជម្រាបថា​អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ ដែល​ត្រូវជា​ប្តី​របស់​ស្ត្រី​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ក៏​ត្រូវបាន​ពិនិត្យ​សុខភាព​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​

​សូម​រម្លឹកថា​ស្ត្រី​ជា​ភរិយា​របស់លោក​ឆែម សាវុធ ត្រូវបាន​ធ្វើតេស្ត​មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​រូបគាត់​ចេញ​រោគសញ្ញា​សង្ស័យ ហើយ​ភ្លាមៗ​នេះ​ក្រសួងសុខាភិបាល ក៏​បាននិងកំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​គាត់​នៅក្នុង​ផ្សារ​អ៊ី​អន​១ ដើម្បី​យកមក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ ស្ត្រី​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​ខាងលើនេះ រស់នៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular