ដោយ: សាវរក្ស / ភ្នំពេញ: បុរសម្នាក់បែកក្បាលស្លាប់មួយរំពេច បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតខ្ទាតចូលកង់រថយន្តកុងតឺន័រកិនចំក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចច្រមុះជ្រូក ក្បាលថ្នល់ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
សពជនរងគ្រោះមានឈ្មោះ ម៉ង តារ៉ា ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិកន្ទួលតូច ឃុំត្រឡាច ស្រុកទ្រាំងខេត្តតាកែវ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ទឹកក្រូច លាយស ពាក់ស្លាក លេខភ្នំពេញ 1CT 7312 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទាក់ ដៃចង្កូតជាមួយរថយន្តកុងតឺន័រ សណ្ដោងរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C 6621 ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលខ្ទាតចូលរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់គួរឲ្យអណោចអធម៌។ ភ្លាមៗរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបន្ថែមល្បឿន ទៅមុខបានប្រមាណ៣០ម៉ែត្រ តែត្រូវសមត្ថកិច្ចឃាត់បានតៃកុងយកទៅប៉ុស្តិ៍ចាក់អង្រែលើ រង់ចាំប្រគល់ឲ្យជំនាញក្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ក្រុងធ្វើការវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះ ទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕