ប្រែសម្រួលៈវាសនា/បែលហ្ក្រាដ៖ នាយករដ្ឋមន្ត្រី ក្រូអាស៊ី លោកអង់ដ្រេ ផ្លេនកូវិច នឹងដាក់ខ្លួននៅដាច់ពីគេជាងមួយសប្តាហ៍ ក្រោយភរិយារបស់លោកត្រូវបានធ្វើតេស្តិ៍ឃើញកូវីដ១៩ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី ក្រូអាស៊ី លោកអង់ដ្រេ ផ្លេនកូវិច
អ្នកនាំពាក្យរដ្ឋាភិបាលលោកម៉ាកូ មីលិក បាននិយាយតាមបណ្តាញសង្គមទ្វីតធឺ ថា «ក្រោយពីក្តៅខ្លួនល្មម ភរិយារបស់លោកនាយករដ្ឋមន្ត្រី បានធ្វើតេស្តិ៍រកកូវីដ១៩កាលពីថ្ងៃសៅរ៍ និងបង្ហាញថាវិជ្ជមានកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី អង់ដ្រេ ផ្លេនកូវិច ក៏ត្រូវបានធ្វើតេស្តិ៍កាលពីថ្ងៃសៅរ៍តែអវិជ្ជមាន មានន័យថាមិនមានកូវីដ១៩ទេ តែលោកត្រូវបង្ខាំងខ្លួនឯងនៅដាច់ពីគេ១០ថ្ងៃដើម្បីជាវិធានការបង្ការ»។
សូមបញ្ជាក់ថា ក្រូអាស៊ីមានអ្នកឆ្លងជំងឺនេះសរុបជិត១២៣.៧០០នាក់។កាលពីថ្ងៃសៅរ៍ ប្រទេសអឺរ៉ុបនេះមានអ្នកឆ្លងថ្មី៣.៩៨៧នាក់នៅ២៤ម៉ោងកន្លងទៅ។
ប្រទេសនេះគិតត្រឹមថ្ងៃសៅរ៍ មានអ្នកស្លាប់ដោយកូវីដ១៩ចំនួន១.៦៥៥នាក់ បន្ទាប់ពី៥៥នាក់ទៀតបានស្លាប់កាលពីថ្ងៃសៅរ៍។
គិតមកត្រឹមថ្ងៃ២៩វិច្ឆិកានេះ ទូទាំងពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ជាង៦២,០៨លាននាក់ ក្នុងនេះ១,៤៤៩លាននាក់បានស្លាប់ នេះបើតាមទិន្នន័យប្រមូលបានដោយសកលវិទ្យាល័យJohns Hopkins University (JHU)៕