ប្រែសម្រួលៈវាសនា/ឈៀងម៉ៃ៖ អាជ្ញាធរកំពុងតាមរកមនុស្សសរុប៣២៦នាក់ដែលបានប៉ះពាល់ឬទាក់ទងជាមួយស្ត្រីថៃម្នាក់នៅខេត្តឈៀងម៉ៃ ដែលត្រូវបានពិនិត្យឃើញថា កើតជំងឺកូវីដ១៩ និងបានទៅចូលច្រៀងនៅហាងខារ៉ាអូខេមួយ ទៅផ្សារទំនើបមួយ រោងភាពយន្តមួយ ព្រមទាំងបានប្រើមធ្យោបាយគមនាគមន៍សាធារណៈនិងសេវារថយន្តGrab។
ព័ត៌មានស្តីពីស្ត្រីកើតកូវីដ១៩ នេះនាំអោយអភិបាលខេត្តឈៀងម៉ៃ ចេញបញ្ជាអោយបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងប៉ះពាល់ទាំងអស់ រួមមានផ្សារCentral Festival Chiangmai ដែលបានបិទទ្វារនៅម៉ោង៤រសៀលថ្ងៃសៅរ៍ ដើម្បីធ្វើ«ការសម្អាតធំ» ហើយនរណាដែលបានទាក់ទងជាមួយស្ត្រីកើតកូវីដនៅផ្សារនេះនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។
គេថាស្ត្រីថៃអាយុ២៩ឆ្នាំនេះជាអ្នកវិលមកពីប្រទេសមីយ៉ាន់ម៉ា ហើយនាយកជំងឺឆ្លងថៃជឿថាស្ត្រីនេះបានឆ្លងកូវីដ១៩ពេលនៅមីយ៉ាន់ម៉ា ។
បើតាមមន្ត្រីថៃ ក្នុងចំណោមមនុស្ស៣២៦នាក់ដែលអាចប៉ះពាល់ឬប្រាស្រ័យទាក់ទងស្ត្រីអ្នកជំងឺរូបនេះ មាន១០៥នាក់ប្រឈមការឆ្លងខ្ពស់ និង១៤៩នាក់ប្រឈមតិច ហើយ៧២នាក់បានទាក់ទងជិតស្និទ្ធ៕
បុគ្គលិកវេជ្ជសាស្ត្រក្នុងសម្លៀកបំពាក់ការពារ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងហាងខារ៉ាអូខេមួយ នៅឈៀងម៉ៃ កន្លែងដែលស្ត្រីកើតកូវីដ១៩បានទៅ