ដោយ: ប.ខុន / ភ្នំពេញ: ផ្ទៃមេឃអួរអាប់និងមានភ្លៀងរួយស្បៃ(ផ្សែងក្រូច) កើតឡើងនៅស្ទើរទូទាំងប្រទេសដែលមានតាំងពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែវិច្ឆិកា ដោយសារឥទ្ធិពលសម្ពាធទាប (Low)មួយរុញមកពីសមុទ្រចិនខាងត្បូង ភាគអគ្នេយ៍នៃទីក្រុងហូជីមិញ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២០។
អ្នកនាំពាក្យខាងលើនិយាយឱ្យដឹងទៀតថាសម្ពាធទាបនេះប្រសិនបើសម្ពាធខ្ពស់ ខ្សោយនិងខ្យល់មូសុងឦសានមិនខ្លាំង គឺវាបង្កឱ្យមានភ្លៀងធ្លាក់ច្រើនដូចភ្លៀងក្នុងរដូវវស្សា តែដោយសារខ្យល់លើចាប់ពីកម្ពស់៦០០ម៉ែត្រឡើងមានល្បឿនដល់១៥ម៉ែត្រក្នុងមួយវិនាទីធ្វើឱ្យឥទ្ធិពលរបស់សម្ពាធទាបមានមកលើ ព្រះរាជាណាចក្រកម្ពុជាចុះខ្សោយ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ បានជូនដំណឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាព អាកាស ធាតុបង្ហាញឲ្យឃើញថាឥទ្ធិពលនៃបាតុភូតឡានីណា (La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរុញចុះ មកក្រោមខ្លាំងនិងគ្របដណ្តប់មកលើកម្ពុជា។
តាមការព្យាករលក្ខណៈបែបខាងលើនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយខាងមុខ (ខែធ្នូ ឆ្នាំ២០២០-ខែមករា ឆ្នាំ២០២១) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។
១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់ លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ខែធ្នូដល់ សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមានដូចជានៅ
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១អង្សាសេ។
-បណ្តារាជធានី ខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី១៩អង្សា សេទៅ ២២អង្សាសេ។
២-ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំងនិងត្រជាក់យូរច្រើនថ្ងៃក្នុងនោះ រួមមាន
-បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៦អង្សា សេទៅ១៩អង្សាសេ។
– បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨អង្សាសេ ទៅ ២១អង្សាសេ។
ក្រសួងធនធានទឹកនិងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីអាកាសធាតុមានការប្រែប្រួលថ្មី៕