Home ព័ត៌មានជាតិ សង្គម សណ្ឋាគារ​ភ្នំ...

សណ្ឋាគារ​ភ្នំពេញ ត្រូវ​បិទ​រយៈពេល​២​ថ្ងៃ ដោយសារ​អគ្គនាយក​ពន្ធនាគារ ដែលមាន​កូ​វីដ​១៩​បាន​ទៅ​ហែល​ទឹក​នៅ​ទីនោះ​

ដោយ​: សុផល / ភ្នំពេញ​: សណ្ឋាគារ​ភ្នំពេញ​បាន​ត្រូវ​បិទ​បណ្តោះអាសន្ន​រយៈពេល​២​ថ្ងៃ​សិន ដោយហេតុ​ផល​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ ដែល​ទើប​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ បាន​ទៅ​ហាត់ប្រាណ និង​ហែល​ទឹក​នៅ​នោះ កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង​។​

​នេះ​គឺ​ជាទី​តាំងទី​៣ បន្ទាប់ពី​ផ្សារ​អ៊ី​អន​១ និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ បាន​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន​រយៈពេល ២​សប្ដាហ៍​។​

​ការសម្រេច​ឱ្យ​បិទ​សណ្ឋាគារ​ភ្នំពេញ​នេះ យោងតាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានឱ្យដឹង​ទៀតថា ការបិទ​បណ្តោះអាសន្ន​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ទីនោះ​ទាំង​ផ្ទាល់ និង​ប្រយោល ក៏ដូចជា​ដើម្បី​ទប់ស្កាត់​បញ្ហា​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល​បានសម្រេច​កំណត់​ចំនួន​នៃ​ការធ្វើ​សេ​ត្ត​រក​វីរុស​កូ​វីដ​១៩ ចំនួន​៣​លើក លើ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុមគ្រួសារ អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ​។​

​ការធ្វើ​តេស្ត​លើក​ទី​១ គឺធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០, លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅតាម​ទីតាំង​ដែល​បានកំណត់ ទាំង​ក្នុង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល មិនបាន​ធ្វើតេស្ត​នៅ​ថ្ងៃ​កំណត់​របស់​ក្រសួង​, នោះ​ក្រសួង​នឹង​កំណត់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បានធ្វើ​តេស្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular