ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែសដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នាជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកនេះ ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីការរកឃើញមនុស្ស៦នាក់ដែលមានឆ្លងកូវីដ១៩នៅក្នុងស្រុកដែល«ជាការឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជា» ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះនៅក្នុងហ្វេសបុកផ្លូវការនាថ្ងៃទី ២៩ ខែវិខ្ឆិកា ២០២០នេះថា៖« នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រសួងសុខា ភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៧នាក់ថែមទៀតគឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយនិង១នាក់ទៀតមានកូវីដ-១៩ មកពីសហរដ្ឋអាមេរិក ។ ការឆ្លង រាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅគឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺ យើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញនិងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះ អាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និងមណ្ឌលគិរី ។ នៅពេលនេះក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាង សកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង »។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា៖«ទោះជាយ៉ាងណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ត្រូវបង្កើន ការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់និងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុលនិងអនាម័យ អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត ។ចំពោះអ្នកដែល ត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័កគឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុតចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ទៅកាន់ទីកន្លែងផ្សេងទៀត »។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្ឃឹមថា៖«សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែ រក្សាសុខភាពមិនធ្វេសប្រហែដោយធ្វើតាមការណែ នាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នាជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកនេះ»៕